សាហាវ! រថយន្តកុងតឺន័រ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ ម្ខាងក្រឡាប់ ម្ខាងទៀតឆេះចេញជាអណ្ដាតភ្លើង ផ្អើលខ្លាំងទាំងយប់!
ព័ត៌មាន
1.23K

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកុងតឺន័រ២គ្រឿង បានបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យភាគីរថយន្តម្ខាងក្រឡាប់ផ្ងារជើង និងរថយន្តម្ខាងទៀត ឆេះចេញជាអណ្ដាតភ្លើងយ៉ាងហុយទ្រលោម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ទាំងយប់ ។

ហេតុកាណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្ត ប្រភេទកុងតឺន័រទម្ងន់ ៧តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-3128 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 3C-3197ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច មកដល់ស្តុប២៤ម៉ោង ផ្លូវបំបែកជាបួន បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រទាំង២គ្រឿង ម្ខាងក្រឡាប់ និងម្ខាងទៀតត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចខាង បង្កានិងពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមភ្លាមផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងស្ទូចរថយន្តទាំង២គ្រឿង យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ភាគីទាំងសងខាងចូលខ្លួន មកដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕