ស្លាប់មនុស្ស​៤នាក់ និងផ្ទះជាង៣០០ត្រូវបានបំផ្លាញ ខណៈ​ភ្លើងឆេះព្រៃ​នៅអូស្ត្រាលី​គ្មានថមថយ​(មានវីដេអូ)
ព័ត៌មានអន្តរជាតិ
314

បរទេស៖ ​អាជ្ញាធរអូស្ត្រាលីបានចេញសេចក្ដីប្រកាសអាសន្នជាបន្ទាន់មួយ សម្រាប់តំបន់ ហកស៍ប៊ឺរី (Hawkesbury) ស្ថិតនៅជាយទីក្រុងស៊ីដនីនៅថ្ងៃសុក្រនេះ ក្រោយភ្លើងឆេះព្រៃត្រូវបានគេរំពឹងថា នឹងបន្តការឆាបឆេះដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅ​កាន់តែខ្លាំង ​ខណៈមានមនុស្ស៤នាក់ហើយបានស្លាប់នៅក្នុងភ្លើងឆេះព្រៃរយៈពេលមួយសប្តាហ៍ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយពី​សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមការប្រកាសអាសន្នខាងលើ ប្រជាជននៅក្នុងតំបន់ Hawkesbury ត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់ វ៉ាប៊ឺហ្វស (Wilberforce) ហើយនេះគឺជាការចេញសេចក្ដីប្រកាសអាសន្នលើកទី ៤ គិតត្រឹមរសៀសថ្ងៃសុក្រនេះ នៅក្នុងរដ្ឋ ញូសោតវែលស៍ (New South Wales) ដែលបាននិងកំពុងរងគ្រោះដោយភ្លើងឆេះព្រៃរាប់រយកន្លែង។

គួរបញ្ជាក់ថា លក្ខខណ្ឌជាច្រើនត្រូវបានស្ដារឡើងវិញ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តតស៊ូ ប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃចំនួន១២០កន្លែង ដែលបង្កឡើងដោយអាកាសធាតុក្ដៅហួតហែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ ឃ្វីនស៍ឡេន (Queensland)។ លើសពីនេះទៅទៀតមកទល់នឹងបច្ចុប្បន្ន មនុស្ស ០៤នាក់ហើយបានបាត់បង់ជីវិតរីឯផ្ទះ ៣០០ខ្នងព្រមទាំងព្រៃឈើលើផ្ទៃដី១លានហិកតា ត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales៕

ប្រភព៖ BBC