​​អ៊ីរ៉ាក់​ស៊ី​អ៊ីរ៉ង់ ឡើង​ឈរ​កំពូល​តារាង ខណៈ​​ហុងកុង​ស្មើ​បារ៉ែន មុន​ប៉ះ​កម្ពុជា World Cup 2​022

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល G ដែលមានក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ ហើយ កាលពីយប់មិញ ដោយក្រុមម្ចាស់ផ្ទះហុងកុង បានប្រកួតស្មើក្រុមជម្រើសជាតិបារ៉ែន០-០ និងអ៊ីរ៉ាក់ បានយកឈ្នះក្រុមភ្ញៀវអ៊ីរ៉ង់ ២-១ ដើម្បីឡើងឈរកំពូលតារាង ។

ចំពោះការចែកគ្នា ១ពិន្ទុជាមួយក្រុមភ្ញៀវបារ៉ែនយប់មិញ គឺមុនពេលហុងកុង ត្រូវបន្ដបើកទ្វារផ្ទះទទួលក្រុមគោព្រៃកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ក្នុងជំនួបជើងទី២ បន្ទាប់ពីប្រកួតស្មើគ្នា​១-១ កាលពីជើងទី១ នៅទឹកដីរបស់កម្ពុជា​។ តាមគម្រោងក្រុមជម្រើសជាតិកម្ពុជា នឹងចេញទៅហុងកុង នាវេលាម៉ោង​៧យប់នេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ។

ដោយឡែក ក្រុមអ៊ីរ៉ាក់ បានធ្វើឲ្យអ្នកគាំទ្រក្រុមអ៊ីរ៉ង់ ដែលមានចំណាត់ថ្នាក់ពិភពលោកទី២៧ មានការខកចិត្តជាខ្លាំង ក្រោយប្រកួតចាញ់ក្រុមឈរលេខរៀងទី៧៤ ដោយលទ្ធផល ២-១​។ ជ័យជម្នះនេះបានធ្វើឲ្យអ៊ីរ៉ាក់ បន្ដឈរកំពូលតារាងនិងមាន១០ពិន្ទុ ខណៈអ៊ីរ៉ង់បន្ដឈរលេខ៣ និងមាន៦ពិន្ទុ ចាញ់ប្រៀបក្រុមជម្រើសជាតិបារ៉ែន ដែលកំពុងឈរលេខ២ ចំនួន​២ពិន្ទុ​។

ចំពោះកម្មវិធីប្រកួតបើកឆាកជើងទី២ នាថ្ងៃទី១៩ ខែវិច្ឆិកាសប្ដាហ៍ក្រោយវិញ ក្រៅពីកម្ពុជាត្រូវប៉ះម្ចាស់ផ្ទះហុងកុង ក្រុមជម្រើសជាតិអ៊ីរ៉ាក់ក៏នឹងត្រូវបន្ដបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិបារ៉ែន ក្នុងជើងទី២ផងដែរ បន្ទាប់ពីប្រកួតជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា​១-១ កាលពី​ដើមខែកញ្ញាកន្លងទៅ៕