ថ្ងៃអុំទូកទី២! ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវគេរំលោភដាច់រហែកប្រដាប់ភេទ រួចសម្លាប់បោះចូលក្នុងទឹកស្រះ
ព័ត៌មាន
8.54K

កំពង់ឆ្នាំង ៖ ករណីឃាតកម្មដ៍សាហាវព្រៃផ្សៃមួយបានកើតឡើង ដោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតក រំលោភរួចសម្លាប់បោះចូលក្នុងទឹកស្រះ ដើម្បីបំបាត់ភស្តុតាង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃព្រះរាជពិធីបុណ្យអុំទូកទី២ ចំណុចស្រះទឹកមួយកន្លែង ក្នុងបរិវេណវត្តកងមាស ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវគេរំលោភសម្លាប់ខាងលើនេះ មានអាយុ៥ឆ្នាំ ជាកូនទី៤ ក្នុងគ្រួសារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងវត្តកងមាសមានការរៀបចំ ពិធីបុណ្យអកអំ បុកសំពះ ព្រះខែ ហើយយប់នោះ ឪពុកម្ដាយ និងកូន៣នាក់ទៀត បានទៅលេងនៅវត្ត ទុកឲ្យកូន២នាក់បងប្អូន និងកុមារីរងគ្រោះដេកនៅលើគ្រែក្រោមផ្ទះ។ លុះត្រឡប់មកវិញមិនឃើញកូនស្រីច្បង ដែលជាកុមារីរងគ្រោះ ដេកជាមួយប្អូន ទើបមានការភ្ញាក់ផ្អើលដើរតាមរកទាំងយប់ តែមិនឃើញសោះ លុះដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ផ្អើលអ្នកភូមិជាច្រើននាក់ ជួយនាំគ្នាដើររកជុំវិញភូមិនិងក្នុងវត្ត នៅតែរកមិនឃើញ ទើបនាំគ្នាចុះក្នុងស្រះទឹកក្នុងវត្ត រាវរក ក៏ប្រទះឃើញសពក្មេងស្រីរងគ្រោះ ស្លាប់បាត់ទៅហើយ។

ក្នុងនោះ បើតាមការពិនិត្យសាកសពក្មេងរងគ្រោះពីសំណាក់សមត្ថកិច្ចជំនាញ ឃើញមានស្នាមដាច់រហែកប្រដាប់ភេទ និងមានស្នាមជាច្រើនកន្លែងទៀត ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះត្រូវគេចាប់រំលោភ រួចសម្លាប់ ដើម្បីបំបិទភស្តុតាង ហើយក៏យកសាកសពមកទម្លាក់ចូលទៅក្នុងទឹកស្រះ ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីតាមចាប់ឃាតកខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕