ឯកឧត្តម នេត​ វត្ថា ៖ គិតត្រឹមឆ្នាំ២០១៩នេះ ស្លាប់មនុស្ស១០ជាងនាក់យ៉ាងរន្ធត់ ក្នុងករណីអគ្គិភ័យ ៥០០ជាងលើក
ព័ត៌មាន
721

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៩នេះ មនុស្សចំនួន១០ជាងនាក់ បានស្លាប់ ក្នុងករណីអគ្គិភ័យដែលកើតឡើងចំនួន ៥០០ជាងលើក នៅទូទាំងប្រទេស។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត វត្ថា ប្រធាននាយកដ្ឋានបង្កា និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ មកកាន់អង្គភាពTVFB កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

ក្នុងនោះ​ឯកឧត្តម បានបញ្ជាក់ថា​ ក្នុងរយៈពេល១ឆ្នាំចុងក្រោយ គឺឆ្នាំ២០១៩នេះ អគ្គិភ័យទូទាំងប្រទេស បានកើតឡើងចំនួន៥០០ជាងលើក ក្នុងនោះមានផ្ទះប្រជាពលរដ្ឋ៣០០ជាងខ្នង និងតូបលក់ដូរ ចំនួន៣០០ជាងតូប ថែមទាំងបានសម្លាប់មនុស្សជាង១០នាក់ ស្លាប់ក្នុងករណីអគ្គិភ័យនេះផងដែរ។

ឯកឧត្តម នេត វត្ថា បានបន្តថា ដោយឡែកទីតាំងឆេះរោងចក្រ០២គោលដៅ រួមមានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និង រោងចក្រ ផលិត ទ្រនាប់ សម្លៀក បំពាក់ បាធា(ខេមបូឌា )អ៉ិនដាសស្រ្ទី អេនគ្រេជ មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះ គឺមានការឆេះខ្លាំងចេញពីរោងចក្រផលិតអំបោះ ដូច្នេះទោះបីមានការអន្តរាគមន៍ពីរថយន្តច្រើនគ្រឿងក៏ពិបាកក្នុងការទប់ស្កាត់ដែរ ។

មិនតែប៉ុណ្ណោះ ឯកឧត្តម នេត វត្ថា បានបន្តថា ជាក់ស្តែងក្នុងរដូវវស្សា យើងសង្កេតឃើញហើយថា ករណីអគ្គិភ័យបានកើតឡើងតិចតួចនិងមិនសូវធំ តែចូលរដូវរំហើយ ហាក់បីដូចជាកើតឡើងច្រើន ហើយធំៗថែមទៀត ដូចជាការផ្ទេរហ្គាសនៅខេត្តសៀមរាប ការផ្ទុះហ្គាស ឆេះសិប្បកម្មផលិតពូក ឆេះទីតាំងស្តុកខោអាវជជុះ ជាដើម ។ ដោយឡែកចំពោះរោងចក្រ និងសហគ្រាសធំៗវិញ ចំពោះនាយដ្ឋានបង្កការនិងពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ ក៏ដូចជាខាង អគ្គស្នងការនគរបាលជាតិ មានអនុក្រឹត្យ និងច្បាប់អគ្គិភ័យ ជាពិសេសច្បាប់ចំណាត់ថ្នាក់សំណង់ ដែលតម្រូវឲ្យរាល់សំណង់ទាំងអស់ ទាំងថ្មីនិងចាស់ ត្រូវ បំពាក់ប្រពន្ធ័បង្កការ និងពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវ សមស្របតាមបទដ្ឋានបច្ចេកទេស ជាពិសេសគឺមានឧបករណ៍ការពារដោយស្វ័យប្រវត្តិន៍ ប្រព័ន្ធអគ្គិភ័យដែលស្រមស្របនៅគោលដៅ ។ មិនតែប៉ុណ្ណោះ គឺត្រូវសហការជាមួយជំនាញដើម្បីធ្វើតេស្តត្រួតពិនិត្យមើល តើមានគុណភាពដែរឬទេ ? ​ជាក់ស្តែងដូចជាករណីរោងចក្រនេះ រោងចក្រមានប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ តែបែរជាមិនអាចប្រើការបានពេលមានអាសន្ន ទើបត្រូវឆេះខ្ទេចទាំងស្រុង ។

ចុងក្រោយ ឯកឧត្តម នេត វត្ថា បានបញ្ជាក់ថា នាពេលខាងមុខនេះ ខាងជំនាញ បាននិងកំពុងធ្វើការងារយ៉ាងសកម្ម ពាក់ព័ន្ធនឹងសំណង់ និងសុវត្ថិភាពអគ្គិភ័យ នៅតាមកន្លែងស្តុកផ្សេងៗ ដោយជំនាញខាងនាយកដ្ឋាន រង់ចាំអនុក្រឹត្យ ប៉ុន្តែក្នុងនោះក៏មានសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាល ជម្រុញឲ្យខាងនាយកដ្ឋានធ្វើការមុនផងដែរ ដើម្បីឲ្យពលរដ្ឋយល់ច្បាស់ និងប្រុងប្រយត្ន័ចំពោះករណីអគ្គិភ័យ ៕