រថយន្តនីសាន់ ពន្លះជាមួយម៉ូតូវេវ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់
ព័ត៌មាន
250

តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូ២នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង០៥នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចភូមិ ចំណោមឃុំកំពែង ស្រុកព្រៃកប្បាស លើផ្លូវក្រាលកៅស៊ូគ្មានលេខពីសៃវ៉ាទៅពន្លៃ ។

ប្រភពបានឲ្យដឹងថា រថយន្តម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1S-5727 ធ្វើដំណើរពីជើងទៅត្បូង (អ្នកបើករត់គេចខ្លួនបាត់) បានបុកជាមួយម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G-5126 បើកបរដោយឈ្មោះ ផ្លុង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គបូរី ខេត្តតាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ តេន សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស រងរបួសធ្ងន់។

ភ្លាមផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ រីឯវត្ថុតាង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក៕