(ក្តៅៗ) ក្រុមក្មេងស្ទាវ ដែលដេញកាប់សម្លាប់យុវជនម្នាក់ចំក្បាលយ៉ាងរន្ធត់ នៅខាងលិចស្ពានគយត្របែក ពេលនេះចាប់បានហើយ
ព័ត៌មាន
10.2K

ស្វាយរៀង៖ យុវជនម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិត ដេញកាប់សម្លាប់យ៉ាងរន្ធត់ ផ្អើលពេញផ្លូវតែម្តង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានដដែល រួមទាំង​បន្តចាប់បានទាំងម្ចាស់កាំបិត ដែលឲ្យគេខ្ចីថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខាងលិចស្ពានគយត្របែក ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សាកសពជនរងគ្រោះមានឈ្មោះ វ៉ា វិសាល អាយុ១៩ឆ្នាំ ជានិស្សិត រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានជនដៃដល់ឈ្មោះ ប្រាក់ សុភារាជ (ហៅពៅ) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀងនិងឈ្មោះ អេង វាចាអក្ខរ៉ា ភេទប្រុស រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ប្រដាប់ដោយកាំបិត ដេញកាប់ ជនរងគ្រោះដែលកំពុងជិះម៉ូតូ ចំក្បាលបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហូរឈាមជោកខ្លួន ខំប្រឹងលើកម៉ូតូទាំងត្រដាបត្រដួសដើម្បីជិះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀង តែអកុសលក៏ស្លាប់យ៉ាងអាណោចអាធ័ម។ ខណៈដែលមូលហេតុដែលឈានដល់ការកាប់ប្រហារនេះ គឺផ្តើមចេញពីការទាស់ពាក្យសម្ដី ក្នុងពេលដើរលេងជាមួយគ្នា។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ កុយ សុភាព ស្នងការរងនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញា ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់

ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ដែលជាអ្នកបើកម៉ូតូ នាំខ្លួនយកទៅអធិការរដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឌុបឈ្មោះ ប្រាក់ សុធារាជ ហៅពៅ ទៅធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន ហើយក្រោយពីធ្វើសកម្មភាព ខ្លួន និងឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ក៏បែកផ្លូវគ្នារៀងៗខ្លួន។ ក្រោយមកសមត្ថកិច្ចខេត្តស្វាយរៀង បានសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ សា្រវជ្រាវចាប់ខ្លួនឈ្មោះ ប្រាក់ សុធារាជ ហៅពៅ បាននៅរាជធានីភ្នំពេញ បានកាលពីវេលាម៉ោង ២ រសៀលយកមកសាកសួរ ទើបឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន។ ចំណែកកាំបិត ដែលខ្លួនធ្វើសកម្មភាពនោះ គឺខ្លួនខ្ចីពីឈ្មោះ សុខ ទិត្យវាសនា តែពេលធ្វើសកម្មភាពហើយ ខ្លួននិងឈ្មោះ អេង វិចាអក្ខរ៉ា បានយកទៅឲ្យឈ្មោះ សុខ ទិត្យវាសនា វិញហើយ។

ក្រោយពីទទួលបានចម្លើយសារភាពដូច្នេះ សមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនឈ្មោះ សុខ ទិត្យវាសនា ព្រមទាំងវត្ថុតាងកាំបិត និងគូកនខាងលើ បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕