រត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបើកដោយជនជាតិវៀមណាមបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់២នាក់
ព័ត៌មាន
285

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់  កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1G-2429 (បើកបរពីកើតទៅលិច) ដោយឈ្មោះ ហេង សុខសំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាជនជាតិវៀតណាម មុខរបរធ្វើជាងសំណង់ (របួសធ្ងន់) ពាក់មួកសុវិត្ថភាព។ ចំណែកអ្នកថ្មើរជើង ឆ្លងកាត់ផ្លូវពីត្បូងទៅជើងឈ្មោះ រ៉េត ធា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ បានរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។

មូលហេតុជាបឋម៖ បង្កដោយថ្មើរជើងរត់ឆ្លងកាត់ផ្លូវ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូមានល្បឿនលឿន៕