ក្រុមក្មេងទំនើង ដែលកាប់សម្លាប់អ្នកចម្រៀងម្នាក់ក្នុងថ្លុកឈាម និងដាច់ម្រាមដៃអស់ជាច្រើនម្រាមយ៉ាងរន្ធត់ ពេលនេះចាប់បានហើយ
ព័ត៌មាន
25.9K

សៀមរាប ៖ ករណីក្មេងទំនើង បងធំ២ក្រុម ផ្ទុះសង្គ្រាមកាប់ចាក់គ្នា រហូតបណ្តាលឲ្យអ្នកចម្រៀងម្នាក់ ស្លាប់ ដាច់ម្រាមដៃទាំងដុល អស់ជាច្រើនម្រាម ហូរឈាមដាប បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភាគីម្ខាងទៀត គេចខ្លួនបាត់ស្រមោល ពេលនេះត្រូវបាន សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានចំនួន៦នាក់ហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ ចំណុចមុខវិទ្យាល័យអង្គរ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពៅ វណ្ណនេត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកចម្រៀង រស់នៅខេត្តសៀមរាប។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងទាំងនេះ ដែលមានគ្នាច្រើននាក់ បានជិះម៉ូតូដេញកាប់ចាក់គ្នាតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ រហូតបណ្តាលឲ្យបុរសម្នាក់ ដែលជាអ្នកចម្រៀង ស្លាប់យ៉ាងរន្ធត់ ដាច់ម្រាមដៃទាំងដុលអស់ជាច្រើនម្រាម ហូរឈាមដាប។

បន្ទាប់ពីកើតហេតុ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផន វិវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅសៀមរាប (អ្នកទៅជាមួយ) នៅចំណុចភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរ រួចបន្តស្រាវជ្រាវ ។ លុះដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៥នាក់ទៀត នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងនោះរួមមាន ៖

ទី១ឈ្មោះ ប្រាក់ អំណត់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងដេរសំលៀកបំពាក់ ស្នាក់នៅខេត្តសៀមរាប (ជនដៃដល់)

ទី២ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងដេរសំលៀកបំពាក់ ស្នាក់នៅខេត្តសៀមរាប (ជនដៃដល់)

ទី៣ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅខេត្តសៀមរាប (ជនដៃដល់) ទី៤ឈ្មោះ ហែម សុម៉ាវត្តី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កំពុងរៀនដេរសំលៀកបំពាក់ ស្នាក់នៅខេត្តសៀមរាប (សង្សារ ជា សម្បត្តិ)

ទី៥ ឈ្មោះ ស៊ឹង ស្រីពេជ្រ ភេទស្រី អាយុ ២៣ ឆ្នាំ កំពុងរៀនដេរសំលៀកបំពាក់ ស្នាក់នៅខេត្តសៀមរាប (សង្សារ ប្រាក់ អំណត់)។

ជាលទ្ធផលសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ចំនួន ២គ្រឿង, អាយផែត ចំនួន ១គ្រឿង និងទូរស័ព្ទចំនួន ៥គ្រឿង កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕