​អបអរសាទរ! កញ្ញា ចន សុទីម៉ា ​របស់កម្ពុជា គ្រងមកុដលំដាប់ទី៤ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Tourism International 2019​
កម្សាន្ត
649

​យោងតាមប្រភពពី Miss Tourism International បានឲ្យដឹងថា កញ្ញា ចន សុទីម៉ា វ័យ២០ឆ្នាំរបស់កម្ពុជា បានគ្រងមកុដលំដាប់ទី៤ ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Tourism International ​2019 ដែលត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

គួរជម្រាបថា កញ្ញា ចន សុទីម៉ា ដែលជា​ម្ចាស់​ជ័យលាភី រង​ទី​២ ក្នុង​កម្មវិធី​កញ្ញាឯក​កម្ពុជា បាន​ចេញដំណើរ​ទៅ ចូលរួម ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​សម្រស់ និង សមត្ថភាព Miss Tourism International 2019 នៅ​ប្រទេស ម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ។

មិនតែប៉ុណ្ណោះ ក្រោយពីបញ្ចប់ជាមួយការប្រកួតប្រជែង Miss Universe Cambodia ប្រចាំឆ្នាំ២០១៩ រួចមក សុទីម៉ា បានសាងភាពល្បីល្បាញ បានមិនចេះតិច និងទទួលបានការងារជាច្រើនទៀតផង។ ជាពិសេស ដោយសារតែមានទម្រង់មុខ ស្រស់ប្រិមប្រិយតាមបែបធម្មជាតិផងនោះ សុទីម៉ា ត្រូវប៉ាន់ជាមួយការងារ ថតសម្អាងការ មិនចេះដាច់នោះទេ។

ជាក់ស្តែង​ ថ្មីៗនេះ តារាស្រីកម្ពស់ខ្ពស់រូបនេះ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋានភ្នំពេញ ដើម្បីទៅចូលរួមប្រកួតប្រជែង តំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធីអន្តរជាតិមួយ ឈ្មោះថា «Miss Tourism International 2019» ដែលវគ្គផ្ដាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា នេះ។ ដោយឡែក នេះជាឱកាសដ៏ល្អបំផុតដែល ចន សុទីម៉ា អាចបង្ហាញពីវប្បធម៌អស្ចារ្យ និងសម្រស់តាមបែបនារីខ្មែរ ឲ្យជាតិសាសន៍ដទៃ បានស្គាល់កាន់តែច្បាស់ផងដែរ។

ក្នុងនោះ កញ្ញា ចន សុ​ទី​ម៉ា បាន បង្ហាញ អារម្មណ៍ រំភើប សប្បាយរីករាយ យ៉ាង ខ្លាំង ដែល ខ្លួន បាន ក្លាយជា តំណាង សម្រាប់ មា តិភូមិ នៅ លើឆាកអន្តរជាតិ ដ៏ ធំ មួយ នេះ ជាមួយនឹង ក្តី សង្ឃឹម នឹង នាំ យកជ័យ ជម្នះ ជូន អ្នកគាំទ្រ និង ប្រទេសជាតិ​។ ឈុតអប្សរាមេរា ស្រីសួគ៌ ដែលកើតចេញពីការកូរសមុទ្រទឹកដោះ រវាងទេវៈ និងអសុរៈ នឹងគ្រងដោយកញ្ញា ឯករូបនេះ ក្នុងការចូលរួមប្រកួត។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន បវរកញ្ញាកម្ពុជាមួយរូបទៀតគឺកញ្ញាបុណ្យ កញ្ជនៈ ធីតា ដែលជាជ័យលាភីរងទី៤ ក្នុងកម្មវិធី កញ្ញាឯក​កម្ពុជា ក៏បានតំណាងប្រទេសឆ្ពោះដំណើរដើម្បីចូលរួមប្រកួតសម្រស់ និងសមត្ថភាព ដ៏ធំលំដាប់ទី៣នៅលើពិភពលោកផងដែរនោះ គឺ កម្មវិធី Miss International ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន ៕

ប្រភព៖ Miss Tourism International