​ស្លាប់២នាក់ និងផ្ទះជិត១៥០ខ្នងត្រូវបំផ្លាញ ដោយសារ​ភ្លើងឆេះព្រៃកំពុងវាយប្រហារ​ភាគខាងកើតប្រទេសអូស្រ្តាលី
ព័ត៌មានអន្តរជាតិ
683

បរទេស៖ យ៉ាងហោចណាស់​មនុស្ស២នាក់បានស្លាប់ និងជាង៣០​នាក់ទៀតបានរងរបួស និងផ្ទះជាង ១០០ខ្នង ត្រូវបានបំផ្លាញដោយសារ​ភ្លើងឆេះព្រៃជាច្រើនកន្លែង ដែលកំពុងវាយប្រហារ តំបន់ភាគខាងកើតប្រទេសអូស្រ្តាលី។​​ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់ពីអាជ្ញាធរអូស្រ្តាលី នាថ្ងៃសៅរ៍នេះក្រៅពីមនុស្ស​០២នាក់ស្លាប់ នៅមានអ្នកបាត់ខ្លួនចំនួន ០៧នាក់ ដែលជាហេតុអាចធ្វើឲ្យតួលេខ នៃអ្នកបាត់បង់ជីវិតកើនឡើងថែមទៀត។ ជាមួយគ្នានេះ ក៏មានមនុស្សទទួលរងរបួសប្រហែលជាង ៣០នាក់ផងដែរ ដោយភាគច្រើនគឺជាភ្នាក់ងារពន្លត់អគ្គីភ័យ។

ភ្លើងឆេះព្រៃទាំងនេះបានកើតឡើងចាប់តាំងពីថ្ងៃសុក្រម្សិលមិញ ដោយគ្រានោះមានភ្លើងឆេះព្រៃដល់ទៅ ១៧កន្លែង ត្រូវបានចាត់ថ្នាក់ជាភ្លើងឆេះព្រៃដែលមានកម្រិតគ្រោះថ្នាក់ខ្លាំង ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះនៅសល់ត្រឹម ០៦ទៀតប៉ុណ្ណោះ។

គួរជម្រាបថា ខាងលើគឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយរបស់អូស្រ្តាលី ស្របពេលដែលនៅតាមតំបន់ជាច្រើននៃប្រទេសនេះ កំពុងតែប្រឈមមុខជាមួយបញ្ហាគ្រោះរាំងស្ងួត ដែលមិនធ្លាប់កើតមាន។ រដ្ឋអូស្រ្តាលីដែលកំពុងទទួលរងភ្លើងឆេះរួមមាន ឃ្វីនស័លែន (Queensland) និង ញូសោតវែលស៍ (New South Wales) ហើយនៅរដ្ឋ New South Wales នេះគឺកើតមានមានច្រើនករណីជាងគេ។

ជុំវិញវិញគ្រោះមហន្តរាយនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម័ររីសុន (Scott Morrison) បានទទូចឲ្យប្រជាពលរដ្ឋអូស្រ្តាលីបង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមទីភ្នាក់ងារសង្រ្គោះបន្ទាន់ និងទីភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់គ្រប់ស្ថានការណ៍៕

ប្រភព៖ South China Morning Post