និស្សិតប្រុសម្នាក់ ត្រូវរថយន្តបែនបុកផ្តាច់ជីវិតយ៉ាងរន្ធត់ នៅលើមហាវិថីឈ្នះឈ្នះ
ព័ត៌មាន
579

ភ្នំពេញ៖ និស្សិតប្រុសម្នាក់ ស្លាប់នៅលើដងផ្លូវយ៉ាងរន្ធត់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាង ថយន្តបុកជាមួយនិងម៉ូតូ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើមហាវិថីឈ្នះឈ្នះ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រ៊ូ ស៊ីណេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 6289 បើកដោយឈ្មោះ សុខ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បើកបរក្នុងទិសដៅពីលិចទៅកើត បានបត់ឆ្លង លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-0329 ដែលកំពុងជិះពីកើតទៅលិច បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យយតាមប្រពៃណី៕