ចាប់ឃាត់ខ្លួនបុរសម្នាក់ ក្រោយទាញដែក វាយទៅលើភ្ញៀវដែលមកពិធីខួបកំណើតកូនគេ ទាំងមិនដឹងរឿង..
ព័ត៌មាន
417

កោះកុង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ធ្វើការចាប់ឃាត់ខ្លួន ពីបទ ប្រើអំពើហិង្សាលើអ្នកដ៍ទៃ ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរនេសាទ មានទីលំនៅនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនា មានអាវុធ បង្ករទៅលើឈ្មោះ សាន សុភាព ( ហៅ ម៉ុន ) ភេទប្រុស អាយុ ៦២ ឆ្នាំ មុខរបរបិតស្រា មានទីលំនៅនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ រិត ស្ថិតនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពេលកំពុងរៀបចំខួបកំណើតកូន ដែលមានផ្ទះជិតគ្នា និងផ្ទះជនបង្ក ។

ប្រភពពព័ត៌មានបានបន្តថា ពេលកំពុងអង្គុយជជែកគ្នាលេង ស្រាប់តែឈ្មោះ គឹម សំបូរ បានយកទឹកកក ដែលកកក្នុងដបពេញ គប់ទៅលើភ្ញៀវ តែមិនមានអ្នកណាត្រូវរបួសឡើយ។ លុះឃើញសភាពបែបនោះ ជនរងគ្រោះឈ្មោះ សាន សុភាព ក៏បបួលប្រពន្ធមកផ្ទះវិញ គ្រាន់តែដើរមកចាក់សោម៉ូតូ ស្រាប់តែជនសង្ស័យ បានទាញដែក ១ ដើម មកវាយជនរងគ្រោះ ទាំងដែលមិនមានទាស់ពាក្យសម្ដីគ្នាអ្វីឡើយ តែជនរងគ្រោះស្ទុះគេចផុត មិនបណ្តាលអោយមានរបួសអ្វីឡើយ ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាជនសង្ស័យសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទៅវាយលើ ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕