ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បង្ហោះសារបង្ហាញអារម្មណ៍ ចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ក្រោយផ្ទុះរឿងក្នុងបណ្តាញសង្គម
ព័ត៌មាន
4.25K

នៅក្នុងបណ្តាញសង្គមបានផ្ទុះការជជែកវែកញែកគ្នា រឿងលែងកូនសត្វក្រពើ របស់លោក ​ជំទាវ ហ៊ុន ស៊ីណាត ទៅក្នុងទឹកទក្សិណអង្គរ ដែលអាចនិយាយបានថា ជាប្រធានបទក្តៅរបស់មហាជនក្នុងFacebook ។

ក្នុងនោះមហាជនជាច្រើន បានសម្តែងការព្រួយបារម្ភខ្លាំង ទៅនឹងសត្វក្រពើនេះ តើនឹងមានហេតុការណ៍អ្វីកើតឡើងនៅថ្ងៃមុខ ខណៈដែលម្ចាស់គណនី Facebook មួយដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើងឲ្យដឹងថា ៖ « បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!» ធ្វើឲ្យមហាជនជាច្រើនមានការShare ចែករំលែកតៗគ្នា» ។

ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឆ្លើយតបទៅកាន់អ្នករិះគន់ និងជេរលោកជំទាវវិញថា « ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ» ។

ទន្ទឹមនឹងនោះ សូម្បីតែលោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បានបង្ហោះ បង្ហាញអារម្មណ៍ចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ទាំងស្រុងថា ៖ « ខ្ញុំយល់អារម្មណ៍របស់បងៗប្រជាជនកម្ពុជា តែម៉ាក់មីងគាត់គ្មានចេតនានោះទេ (កំហុសតែមួយគត់ធ្វើឲ្យម៉ាក់មីងបាក់ទឹកចិត្តហើយ) សែនអាណិតម៉ាក់មីងបំផុត!! បើអាច សូមយោគយល់នូវអំពើល្អរបស់គាត់ដែលបានធ្វើកន្លងមកផងបងៗ ខ្មែរ ស្រលាញ់ ខ្មែរ» ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់អាជ្ញាធរអប្សរា កូនក្រពើដែលលែងកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះចាប់បានវិញហើយ ៕