ស្នេហាស្មោះស្មគ្រ័ព្រមព្រៀងគ្នា ចុងក្រោយបងបែរជាមានទោស..
ព័ត៌មាន
1.05K

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក្រោយនាំគ្នាមកពីដើរលេងបុណ្យអុំទូកវិញ សុំជីដូនជនរងគ្រោះដេកផ្ទះ ហើយឆ្លៀតឱកាសលួងលោមឱបថើប រហូតកាន់តែស៊ីជម្រៅ បានសម្រេចជាច្រើនលើក ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​មិត្តភាព​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមាន​ឈ្មោះ ស្រ៊ ស្រួល ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ លក់​ទឹកកក ស្នាក់នៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​ ចំណែកកុមារី​រងគ្រោះ​ឈ្មោះ ច​.​ឆ​លត អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​១១​និង​៣០​នាទីយប់ ជនសង្ស័យ​ បាន​ជិះ​ម៉ូតូឌុប​កុមារី​រងគ្រោះ​ត្រឡប់​មកពី​ដើរលេង​អុំទូក​នៅ​ក្រុង​តាខ្មៅ​ មក​ផ្ទះ​កុមារី​រងគ្រោះ​ (​ផ្ទះកើតហេតុ​) រួច​ជនសង្ស័យ​ក៏​សុំ​ជីដូន​កុមារី​រងគ្រោះ ​ដេក​នៅទីនេះ​ដែរ ។ ពេល​ជីដូន​ដេកលក់ ជនសង្ស័យ​ក៏បាន​លួងលោម ឱបថើប​កុមារី​រងគ្រោះ ហើយ​រួមភេទ​ជាមួយ​បាន​ម្តង ។ រហូតដល់​ថ្ងៃទី​២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ម៉ោង​៩យប់ ជនសង្ស័យ​ក៏បាន​ទាក់ទង​ទៅ​ដេក​នៅផ្ទះ​កុមារី​រងគ្រោះ​ទៀត រួច​រួមភេទ​ជាមួយគ្នា​ម្តងទៀត ។ បន្ទាប់មក ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​នាំ​នាង​ទៅលេង​ផ្ទះ​ នៅ​ខេត្តកំពង់ចាម​ឃើញ​កូន​មាន​សភាព​ស្លេកស្លាំង​ក៏​សួរនាំ ពេលនោះ​កុមារី​រងគ្រោះ​ក៏​ប្រាប់​រឿងហេតុ​ខាងលើ រួច​ម្តាយ​ក៏​នាំ​កុមារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ព្រែក​ឯង ។ ​លុះដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១១​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ យកមកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង៕