រថយន្តLEXUS RX330​ បុកក្បាលព្រួញចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ​
ព័ត៌មាន
236

ភ្នំពេញ​៖​ បុរសម្នាក់​បើករថយន្ត LEXUS RX330មួយគ្រឿង​ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងយ៉ាងដំណំ​ បើកទៅមុខលែងរួច​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ១៩៣​ ក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បើករថយន្តម៉ាក​ LEXUS RX330 មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AR-9631 រួមដំណើរដោយនារីម្នាក់ទៀត​ តាមបណ្តោយផ្លូវម៉ៅសេទុងពីជេីងទៅត្បូង លុះមកដល់កន្លែងកេីតហេតុ​ ក៏ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ ទៅមុខលែងរួច​ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្ត​ទៅរក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕