របួសធ្ងន់ហើយ មានលុយណាសងគេទៀត! បើករ៉ឺម៉កលឿនពេក ទៅបុករថយន្តស៊េរីទំនើបឡង់គ្រឺស័រ ដែលបត់ត្រឡប់ក្រោយ..
ព័ត៌មាន
1.42K

ភ្នំពេញ​៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូរ៉ឺម៉កដឹកទឹកសណ្តែកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់ជនជាតិចិន ម៉ាកឡង់គ្រឺស័រ ដែលកំពុងបត់ត្រឡប់ក្រោយ ចំក្បាលខាងមុខរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរសាលាអន្តរជាតិមួយកន្លែង ភូមិទួលរកា ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អូន ជាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកជញ្ជូន (របួសធ្ងន់) ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ PEI ZHOU ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨៤ ផ្លូវបេតុង ភូមិចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0155 បានបត់ត្រឡប់ក្រោយ ខណៈនោះស្រាប់តែមានរ៉ឺម៉កដឹកទឹកសណ្តែក ពាក់ស្លាកលេខ កណ្តាល 1A-1734 ជិះដោយយុវជនម្នាក់ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ បុករថយន្តចំខាងមុខចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យអ្នកជិះរ៉ឺម៉កម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបាយ័ន។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងរ៉ឺម៉កម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕