​បើសង្រ្គាមផ្ទុះឡើងរវាងកូរ៉េខាងជើងនិងជប៉ុន ប្រជាជនកូរ៉េខាងត្បូងភាគច្រើននឹងគាំទ្រលោក គីម ជុងអ៊ុន!!
ព័ត៌មានអន្តរជាតិ
449

បរទេស៖ នៅក្នុងព័ត៌មានដែលអាចធ្វើឱ្យមានការភ្ញាក់ផ្អើលជាច្រើន នៅខាងក្រៅឧបទ្វីបកូរ៉េ ការ​ស្ទង់មតិថ្មីមួយបង្ហាញថា ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងរវាងប្រទេសជប៉ុននិងប្រទេសកូរ៉េខាងជើង ប្រជាជន​កូរ៉េខាងត្បូងភាគច្រើន នឹងឈរនៅខាងកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន RT នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមការស្ទង់មតិដែលមានចំណងជើងថា​«ស្ថានការណ៍នៅអាស៊ីភាគឦសាន និងទស្សនៈប្រជាជនកូរ៉េខាងត្បូង» ៤៥.៥ ភាគ រយនៃអ្នកដែលបានចូលរួមការស្ទង់មតិ នឹងផ្តល់ការគាំទ្រចំពោះកូរ៉េខាងជើង ហើយមានតែ១៥.១ភាគរយប៉ុណ្ណោះ ដែលនឹងនៅខាងជប៉ុន ខណៈ៣៩.៤ភាគរយទៀត គឺមិនប្រាកដក្នុងចិត្តថា គួរគាំទ្រខាងណាឡើយ»។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងកាលពីចន្លោះឆ្នាំ២០១៨ និង ខែតុលា ឆ្នាំ២០១៩នេះ រីឯលទ្ធផលទើបតែត្រូវបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ កំឡុងវេទិកាសន្តិភាពលើកទី១១ របស់វិទ្យា ស្ថានកូរ៉េដើម្បីបង្រួបបង្រួមជាតិនៅកូរ៉េខាងត្បូង។

គួរជម្រាបថា អ្នកស្រាវជ្រាវលោក Lee Sang Sin ដែលជាអ្នកដឹកនាំការស្ទង់មតិ លទ្ធផលចេញមកនេះគឺមិនមែនជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើល ខ្លាំងនោះឡើយ បើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តនៅក្នុងតំបន់កាលពីអតីតកាល ដោយឧបទ្វីបកូរ៉េបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ ជប៉ុនអស់រាប់ទសវត្សរ៍។

លោក Lee ក៏បានគូសបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាជម្លោះនៃកោះ Dokdo ដែលជប៉ុនហៅថា Takeshima រវាង ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូវិញ ទីក្រុងព្យុងយ៉ាងក៏បានបង្ហាញការគាំទ្រចំពោះកូរ៉េខាងត្បូងផងដែរ៕

ប្រភព៖ RT