លម្អិត៖ ទីតាំង​កត់ឆ្នោតយួន​មួយ​កន្លែង​ នៅ​ខាង​ក្រោយ​ផ្សារ​សាមគ្គី​ ត្រូវសមត្ថកិច្ចចុះបង្ក្រាប
ព័ត៌មាន
721

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) ទីតាំងបើកល្បែង​សុីសង​(កត់ឆ្នោតយួន) មួយកន្លែង ក្នុងចំណោមទីតាំងជាច្រើន នៅជុំវិញផ្សារសាមគ្គី ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ចុះបង្ក្រាប និងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យារបញ្ឈប់ការកត់ឆ្នោតខុសច្បាប់បែបនេះបន្តទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៨៩BE0 ផ្លូវលេខ២៣៣ ខាងកើតផ្សារសាមគ្គី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក ហើយជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងអ្នកកត់ចំនួន៨នាក់។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកត់ឆ្នោតនោះបានឲ្យដឹងថា ប្រហែលជាសមត្ថកិច្ចខណ្ឌទួលគោក ទើបតែងើបពីសម្រាន្តហើយមើលទៅ បានជាចុះមកចាប់តែមួយកន្លែង ហើយនៅសល់១០កន្លែងផ្សេងទៀត រួមទាំងណេត២៤ម៉ោងជាប់នោះ មិនចាប់ រឺសង្ស័យតែទីតាំងខាងលើ មិនបានយកសំណែន មកសែនរឺយ៉ាងណាទេ ។

សូមបញ្ជាក់ថា នៅជុំវិញផ្សារសាមគ្គីសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក នេះមានទីតាំងកត់ឆ្នោតយួនខុសច្បាប់មិនក្រោម១០កន្លែងទេ ដែលតែងតែដាក់តុកត់កណ្តាលវាល ប្រមូលលុយរាប់លានរៀលក្នុងមួយថ្ងៃៗនោះ ។

ចាំមើលតើសមត្ថកិច្ចខណ្ឌទួលគោកបន្តចាប់កន្លែងកត់ឆ្នោតផ្សេងទៀតរឺក៏ចុះចាប់តែមួយកន្លែងនេះទេ ទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ៕