ដកហូតរថយន្ត១៤គ្រឿង ក្នុងប្រតិបត្តិការចុះបង្ក្រាប ទីតាំងកែច្នៃកាត់ត តម្លើងរថយន្តចំនួន៣កន្លែង ក្នុងខេត្តកណ្តាល
ព័ត៌មាន
752

កណ្ដាល៖ ទីតាំងកែច្នៃកាត់ត តម្លើងរថយន្តចំនួន៣ទីតាំង សង្ស័យខុសច្បាប់ ត្រូវបានកម្លាំងគយនិងរដ្ឋាករនៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យនិងបង្ក្រាប ដកហូតបានរថយន្តសរុបចំនួន១៤គ្រឿង ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ដល់ថ្ងៃទៅ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការដឹកនាំកម្លាំងសម្របសម្រួលដោយ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។

ក្នុងនោះ រួមមាន​៖

ទី១ ម្ចាស់ឈ្មោះ យ័ន សោភ័ណ្ឌ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល

ទី២ម្ចាស់ឈ្មោះ សេង បូរិន ស្ថិតនៅទីតាំងភូមិអន្លុង ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្ដាល

ទី៣ម្ចាស់ឈ្មោះ យ៉ាន កុសល អាយុ២៩ឆ្នាំ យានដ្ឋានយីហោ លី ហ័រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។

ជាក់ស្តែងកម្លាំងជំនាញ​បានឃាត់ទុកនូវរថយន្តដឹកធុនធំចង្កូតស្តាំចំនួន៦គ្រឿង, ចង្កូតឆ្វេង៣គ្រឿង, រថយន្តប្រភេទទេសចរណ ចំនួន០៤គ្រឿង , រថយន្តដឹកទំនិញធុនតូចចំនួន១គ្រឿង ។ សរុបទាំងអស់១៤គ្រឿង បញ្ជូនទៅរក្សាទុកនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងសាខាគយ និងរដ្ឋាករខេត្តកណ្តាល ព្រោះរថយន្តទាំងនេះ មិនអាចបើកបរបាន តម្រូវឲ្យប្រើប្រាស់រថយន្តស្ទូច ដើម្បីដឹកជញ្ជូន យកទៅរក្សាទុក៕