បរទេស៖ មន្រ្តីប៉ូលិសម៉ិកស៊ិកម្នាក់ ដែលពាក់ព័ន្ធក្នុងការចាប់ខ្លួនកូនប្រុសរបស់ស្តេចគ្រឿងញៀន ឈ្មោះល្បី Joaquin 'El Chapo' Guzman ត្រូវបានធ្វើឃាតដោយរងការបាញ់រាប់សិបគ្រាប់ក្នុងរថយន្តនៅកន្លែងចតឡានមួយកន្លែង។ នេះបើយោងការចេញផ្សាយពីសារព័ត៌មាន Daily Mail នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
គួរជម្រាបថា វីដេអូសុវត្ថិភាពដែលបានថតជាប់ទិដ្ឋភាពដ៏រន្ធត់នេះកាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ នៅពេលខ្មាន់កាំភ្លើង២នាក់ចេញពីរថយន្តពណ៌ក្រហមមួយគ្រឿង រួចបើកការបាញ់ប្រហារ ដោយប្រើកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិទៅលើរថយន្ត Nissan ទ្វារបួនពណ៌សមួយគ្រឿង ដោយបើកតាមរថយន្តសចូលដល់កន្លែងចតឡានក្នុងផ្សារទំនើបមួយនៅទីក្រុង Culiacan នៃរដ្ឋ Sinaloa។
ការឆ្មក់បាញ់ប្រហារនេះកើតឡើងមិនដល់ ៣០ វិនាទីទេ ខណៈខ្មាន់កាំភ្លើងបានបាញ់យ៉ាងតិច ១៥០ គ្រាប់ទៅលើរថយន្តស។ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់នោះជាមន្ត្រីប៉ូលិសឈ្មោះ Eduardo "N" អាយុ ៣២ ឆ្នាំ។ ជនរងគ្រោះជាមន្ត្រីប៉ូលិសជាន់ខ្ពស់នៅផ្នែកទប់ស្កាត់គ្រឿងញៀនក្នុងរដ្ឋ Sinaloa។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចង្អុលបង្ហាញថា មន្ត្រីប៉ូលិសរូបនេះបានចូលរួមពាក់ព័ន្ធក្នុងការចាប់ខ្លួនលោក Ovidio Guzmán López កាលពីថ្ងៃទី១៧ តុលាកន្លងទៅ។ បុរសនេះគឺជាកូនប្រុសរបស់ស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិកដ៏ល្បីរន្ទឺ Joaquín 'El Chapo' Guzmán៕
ប្រភព៖ Daily Mail




