ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត លែងកូនក្រពើចូល កសិន្ធុប្រាសាទអង្គរវត្ត ធ្វើឲ្យពលរដ្ឋភ័យខ្លាច ពេលនេះអាជ្ញាធរកំពុងរកមធ្យោបាយចាប់កូនក្រពើនោះចេញមកវិញ
ព័ត៌មាន
920

សៀមរាប ៖ យោងតាមផេក រដ្ឋបាលខេត្តសៀមរាប បានបង្ហោះទាំងស្រុងថា ៖ ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពើនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពើតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ។

សូមបញ្ជាក់ថា ការមធ្យោបាយចាប់កូនក្រពើនេះចេញ គឺធ្វើឡើងក្រោយ មានការរិះគន់ និងព្រួយបារម្ភខ្លាំងចំពោះការលែងសត្វកូនក្រពើ របស់លោកជំទាវ ហ៊ុន ស៊ីណាត ៕