លោក ​ត្រាំ ប្រកាសធ្វើសង្គ្រាមលើក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ​ក្រោយសម្លាប់គ្រួសារមួយ​ទាំងពូជ
ព័ត៌មានអន្តរជាតិ
2.12K

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្គ្រាមលើក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក បន្ទាប់ពីម្តាយជនជាតិអាមេរិក​៣​នាក់ និងកូន​៦ នាក់ មកពីសហគមន៍ Mormon ស្ថិតក្នុងភាគខាងជើងម៉ិកស៊ិក ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងរបស់ក្រុមជួញដូរគ្រឿងញៀនមួយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរជម្រាបថា ជនរងគ្រោះ​ដែលជាសាច់ញាតិគ្រួសារ LeBaron ត្រូវបានពួនស្ទាក់វាយប្រហារនៅចម្ងាយ ១៣ គីឡូម៉ែត្រក្នុងព្រំដែនម៉ិចស៊ិកនៃរដ្ឋ Sonora កាលពីថ្ងៃចន្ទ ខណៈពេលកំពុងធ្វើដំណើរក្នុងក្បួនរថយន្ត SUV ៣គ្រឿង។

នៅគ្រានៃការវាយប្រហារនោះ សមាជិកគ្រួសារមានគ្នា ១៧ នាក់បានកំពុងធ្វើដំណើរចេញពីសហគមន៍សាសនា La Mora កន្លែងដែលពួកគេរស់នៅ និងជាទីលំនៅមានអាយុកាលរាប់សិបឆ្នាំក្នុងរដ្ឋ Sonora ដែលបានបង្កើតឡើងជាផ្នែកមួយនៃវិហារសាសនាយេស៊ូគ្រិស្ត The Church of Jesus Christ of Latter-day Saints។ ភាគច្រើននៃសមាជិកវិហារនេះបានកើតនៅក្នុងប្រទេសម៉ិកស៊ិក ហើយដូច្នេះគឺមានសញ្ជាតិពីរតែម្តង។

បើតាមមន្ត្រីសន្តិសុខកំពូលរបស់ម៉ិកស៊ិកលោក Alfonso Durazo បានស្តីបន្ទោសក្រុមខ្មាន់កាំភ្លើងរបស់ក្រុមជួញដូរគ្រឿងញៀនមួយកាលពីថ្ងៃអង្គារចំពោះការវាយប្រហារនេះ ហើយនិយាយថា ពួកគេប្រហែលជាយល់ច្រឡំលើរថយន្តប្រភេទ SUV ខ្នាតធំនេះជារបស់ក្រុមគូប្រជែងជួញដូរគ្រឿងញៀន។

អាជ្ញាធរម៉ិកស៊ិកនិយាយថា សមាជិកគ្រួសារចំនួន៩នាក់បានស្លាប់ក្នុងការសម្លាប់រង្គាលនេះនិងកុមារម្នាក់កំពុងបាត់ខ្លួន។ កុមារ ៦ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ហើយតាំងពីពេលនោះមក កុមាររបួស ៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Phoenix រដ្ឋ Arizona ។

កាលពីថ្ងៃអង្គារ លោកត្រាំបានប្តេជ្ញាថានឹងជួយម៉ិកស៊ិកធ្វើសង្គ្រាមលើក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលនេះ ខណៈគាត់និយាយនៅក្នុងសារ Twitter ជាហូរហែថា ក្រុមគ្រួសារ LeBaron បានជាប់នៅចំកណ្តាលរវាងក្រុមជួញដូរគ្រឿងញៀនដ៏កាចសាហាវចំនួនពីរក្រុម។

លោកត្រាំបានសរសេរថា«ប្រសិនបើម៉ិកស៊ិកត្រូវការឬស្នើសុំជំនួយក្នុងការបោសសម្អាតបិសាចទាំងនេះ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច មានឆន្ទៈនិងអាចចូលរួមនិងធ្វើការងារបានរហ័សនិងមានប្រសិទ្ធភាព»។

​​​​​​​​​​​​ប្រធានាធិបតីថ្មីដ៏អស្ចារ្យនៃប្រទេសម៉ិកស៊ិក បានចាត់ទុកបញ្ហានេះជាបញ្ហាធំមួយ ប៉ុន្តែក្រុមជួញដូរគ្រឿងញៀនបានប្រែក្លាយធំឡើងនិងមានឥទ្ធិពលកាន់តែខ្លាំង ដូច្នេះពេលខ្លះអ្នកត្រូវការកងទ័ពដើម្បីកម្ចាត់កងទ័ព! នេះជាពេលវេលាសម្រាប់ម៉ិចស៊ិកជាមួយជំនួយពីសហរដ្ឋអាមេរិកក្នុងការធ្វើសង្គ្រាមលើក្រុមជួញដូរគ្រឿងញៀនដើម្បីឱ្យពួកវាបាត់អស់ពីផ្ទៃផែនដី។ យើងកំពុងរង់ចាំទូរស័ព្ទពីប្រធានាធិបតីថ្មីដ៏អស្ចារ្យរបស់អ្នក​៕

ប្រភព៖ Reuters