​អតីតបុគ្គលិក​Twitter២នាក់ រងការចោទប្រកាន់ពីបទ លួចស៊ើបការណ៍សម្ងាត់ឲ្យអារ៉ាប៊ីសាអូឌីត!!
ព័ត៌មានអន្តរជាតិ
139

បរទេស៖ បណ្តឹងមួយពីក្រសួងយុត្តិធម៌បានបង្ហាញថា អតីតបុគ្គលិក២រូបនៃក្រុមហ៊ុនបណ្តាញសង្គម Twitter និងបុរសទី៣ដែលមកពីអារ៉ាប៊ីសាអូឌីត កំពុងប្រឈមការចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទលួចស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ​បុគ្គលទាំង៣រូបរួមមានឈ្មោះ អាលី អាល់ហ្សាបារ៉ាហ៍ (Ali Alzabarah) និងឈ្មោះ អាហ៍ម៉េដ អាបួអាម៉ាមម៉ូ (Ahmad Abouamammo) ដែលធ្លាប់បម្រើការឲ្យ Twitter និងម្នាក់ទៀតឈ្មោះ អាហ៍ម៉េដ អាល់មូតៃរី (Ahmed Almutairi) ដែលធ្លាប់បម្រើការឲ្យរាជវង្សអារ៉ាប៊ីសាអូឌីត បានរងការចោទប្រកាន់ថា ជាអ្នកធ្វើការឲ្យព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយមិនបានចុះឈ្មោះជាភ្នាក់ងារបរទេស។ ពួកគេជាប់ការសង្ស័យថា បានលួចចូលមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ហើយប្រគល់ពួកវាទៅឲ្យក្រុមមន្រ្តីរបស់អារ៉ាប៊ីសាអូឌីត ជាថ្នូរនឹងលុយក៏ដូចជាអំណោយមានតម្លៃផ្សេងៗ។

យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិក ក្នុងការតទល់ជាមួយអ៊ីរ៉ង់ កន្លងមកនេះ បានទទួលរងការរិះគន់ខ្លាំងៗពីលោកខាងលិច ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅប្រទេសខ្លួន ជាពិសេសករណីឃាតកម្មលើអ្នកកាសែត ហ្សាម៉ាសល់ ខាសហូកជី (Jamal Khashoggi) និងបញ្ហាសង្រ្គាមដ៏បង្ហូរឈាមនៅយេម៉ែន។ យោងតាមក្រសួងយុត្តិធម៌អាមេរិក បុគ្គល Abouamammo កំពុងស្ថិតក្រោមការឃាត់ខ្លួននៅទីក្រុង សៀតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោន ស្របពេលដែលបុគ្គលពីរនាក់ទៀត កំពុងស្ថិតនៅអារ៉ាប៊ីសាអូឌីត។

គួរជម្រាបថា ស្ថានទូតអាមេរិកប្រចាំនៅសហរដ្ឋអាមេរិក ពុំទាន់បានចេញមុខធ្វើអត្ថាធិប្បាយអ្វី ជុំវិញរឿងនេះនៅឡើយទេ ខណៈក្រុមហ៊ុន Twitter ផ្ទាល់ បានអរគុណចំពោះចំណាត់ការរបស់ទីភ្នាក់ងារស៊ើបអង្កេត FBI និងក្រសួងយុត្តិធម៌អាមេរិក៕

ប្រភព៖ Channel News Asia