​មាស សុខសោភា នឹងតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍«ASEAN Fantasia»នៅកូរ៉េខាងត្បូង ដោយមាន​តារា K-POP​ល្បីៗជាច្រើនចូលរួម
កម្សាន្ត
907

ជារឿងមួយ គួរជាទីមោទកភាពដោយតារាចម្រៀងដ៏ល្បីឈ្មោះ​ កញ្ញា មាស សុខសោភា នឹងតំណាងកម្ពុជា ​ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍«អាស៊ាន Fantasia»ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon ប្រទេសកូរ៉េខាងត្បូង។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY BOA Sandara Park ក្រុម NCT127 ជាដើម និង តារាមកពីខាងអាស៊ានទាំង៥ប្រទេសមានដូចជា កម្ពុជា,ថៃ,ឥណ្ឌូនេស៊ី,វៀតណាម និងមីយ៉ាន់ម៉ា។

គោលបំណងនៃការប្រគំតន្ត្រីនេះឡើងគឺដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន អ្វីដែលកាន់ពិសេសនោះសិល្បករកូរ៉េនិងសិល្បករអាស៊ាននឹងធ្វើការសំដែងរួមគ្នាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កូរ៉េ មន្ត្រីប្រតិភូនៃប្រទេសអាស៊ានទាំង១០ និងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ក្នុងនោះដែរ កញ្ញា មាស សុខសោភា បានប្រាប់TVFB ថា កញ្ញាសប្បាយចិត្តជាខ្លាំង និងសូមថ្លែងអំណរគុណ​ចំពោះក្រសួងវប្បធម៌កូរ៉េ ដែលបានផ្តល់កិត្តិយសអញ្ជើញកញ្ញាចូលរួមសម្តែងក្នុងព្រឹត្តិការណ៍«អាស៊ាន Fantasia»មួយនេះ។ ហើយកញ្ញាក៏សង្ឃឹមផងដែរថា បងប្អូនខ្មែរដែលរស់នៅប្រទេសកូរ៉េ នឹងចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជានាំយកទង់ជាតិប្រទេសកម្ពុជារបស់យើង ដើម្បីបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី ដ៍ល្អផូផង់ របស់កម្ពុជា ជូនឆាកអន្តរជាតិបានឲ្យឃើញ និងស្ញើចសរសើរដល់ប្រទេសជាតិរបស់យើង និងមានភាពទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន៕