គ្រូបឹងកេត និងព្រះខ័នរាជស្វាយរៀងនិយាយបែបណា..? មុនជំនួបផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០១៩

ទាំងលោក ហៅ សុជាតិ គ្រូបង្គោលបឹងកេត និងលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានបង្ហាញការតាំងចិត្តយ៉ាងមុតមាំដូចៗគ្នាមុនជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា។

ជាក់ស្ដែងលោក ហៅ សុជាតិ ចាត់ទុកការប្រកួតដ៏សំខាន់នេះថានឹងមានភាពតានតឹងខ្លាំង តែក៏បន់ឲ្យមកដល់ឆាប់ៗដែរ ព្រោះជាលើកទីមួយដែលបឹងកេតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ថ្នាក់ដឹកនាំកំពូលខាងលើតាំងពីកកើតក្លិបមក។

ពាក់ព័ន្ធនឹងវត្តមានរបស់ចាន់ វឌ្ឍនាកា គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League ៣សម័យបញ្ជាក់ថា នឹងចូលលេង តែមិនទាន់ច្បាស់នៅជម្រើស១១នាក់ដំបូង ឬនៅនាទីណាទេ ព្រោះចាំតាមដានស្ថានភាពកាយសម្បទារបស់គេសិន។

ជាមួយគ្នានេះលោក Conor Nestor លើកឡើងថា ទោះមិនមានកីឡាករបរទេស បឹងកេតនៅតែមានរបៀបលេងដដែល ព្រោះកូនក្រុមក្នុងស្រុកសុទ្ធតែមានគុណភាព ហើយភាគច្រើនជាអ្នករួមចំណែកឈ្នះ MCL ពីរលើកចុងក្រោយ។ លោកថា បឹងកេតនឹងប្រឹងខ្លាំង ព្រោះពួកគេមិនធ្លាប់ឈ្នះពានពីមុន។ សម្រាប់ក្រុមលោកវិញ ទោះធ្លាប់លើកពាន៤លើករួចហើយ តែក៏ចង់បន្ថែមជ័យជម្នះទៀតដែរ។

គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា មិនមានសម្ពាធទេសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ តែថា ជាទំនួលខុសត្រូវដ៏ធំសម្រាប់លោក។

គួរដឹងដែរថា មុនឡើងមកកាន់វគ្គចុងក្រោយ បឹងកេតបានទម្លាក់វិសាខា ៤ទល់នឹង០ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។

ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច នាកីឡដ្ឋាន Smart RSN៕

ប្រភព៖ CNCC