គ្រូ​កម្ពុជាថា ​មុន​ប៉ះ​ថៃ​កុំ​ទាន់​អាល​អ​រ ក្រោយលត់​កោះ​ម៉ា​រី​ណា​ខាងជើង​​យ៉ាង​ចាស់ដៃ​ ​​៩​-០​ AFC​ ​U​-​19​ ​Championship​ ​2020​

ក្រុម​U​-​19​គោព្រៃកម្ពុជា​ ​ស្វែងរក​ជ័យជម្នះ​ ​លើ​ក្រុម​ ​U​-​19​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ដោយ​លទ្ធផល​ ​៩​-​០​ ​ក្នុង​ការប្រកួត​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​Qualifiers​,​ ​ពូល​​G​ កាលពីយប់មិញ​នេះ​។​ ដោយ​​ក្នុង​តង់​ទី១​ ​កម្ពុជា​​​បាន​រក​គ្រាប់​នាំមុខ​លើ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​៦​ ​ទល់នឹង​ ​០​ ​ដោយ​គ្រាប់​បាល់​កើតឡើង​ ​នៅ​នាទី​ ​៧​,​១២,​៤១,​៤៣,​៤៤និង​៤៥​+​១​។​ ​នៅ​តង់​ទី២​ ​កម្ពុជា​ ​បាន​បន្ថែម​គ្រាប់​បាល់​​៣គ្រាប់​ ​នៅ​នាទី​​៨៣,​៨៨​ ​និង​​៩០​+​​​។​

លទ្ធផល​ឈ្នះ​យ៉ាង​ធំធេង​នេះ ​មិន​ទាន់​ធ្វើ​ឱ្យ​លោក Koji Gyotoku ​សប្បាយ​ចិត្ត​ខ្លាំង​នោះ​ទេ ត្បិត​អី​លោក​បាន​មើល​ឃើញ​ចំណុច​១​ក្រៅ​ពី​សប្បាយ​ចិត្ត​លើ​លទ្ធផល ដោយលោកបានលើកឡើងក្រោយបញ្ចប់ការប្រកួតនៅក្នុងសន្និសីទកាសែតថា ​​៖​

-មានរឿង២យ៉ាងសម្រាប់ការប្រកួតថ្ងៃនេះ គឺទី១ យើងឈ្នះការប្រកួតថ្ងៃនេះ ហើយមួយទៀត គយើងមិនសូវល្អជាមួយបច្ចេកទេសនោះទេ យើងត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយថៃ។

- ហេតុអ្វីបានជាយើងផ្លាស់ប្តូរកីឡាករស្ទើរតែទាំងអស់នោះ? គដោយសារតែយើងចង់ឲ្យកីឡាករសម្រាកខ្លះ និងខ្ញុំចង់ផ្តល់ឱកាសឲ្យពួកគេទាំងអស់គ្នាបានបង្ហាញសមត្ថភាពនីលើទីលាន។

- ការប្រកួតចុងក្រោយជាមួយថៃក្នុងពាន​ AFC​ ​U​-​18​ ​Championship​ ​2019 នៅប្រទេសវៀតណាម យើងបានយកឈ្នះថៃ តែយើងមិនអាចរំពឹងខ្ពស់សម្រាប់ការប្រកួតជាមួយថៃនៅការប្រកួតបន្ទាប់នេះដែរ ព្រោះយើងឃើញថាថៃមានទម្រង់លេងល្អជាងលើកមុន។

ក្នុង​នោះ លោក​ Michiteru Mita ​គ្រូ​បង្វឹក​ក្រុម​កោះ​ម៉ារីណា ​​ក៏បានលើកឡើងដែរថា៖

-ខ្ញុំសូមអបអរសាទរដល់ក្រុមកម្ពុជា សម្រាប់ការយកឈ្នះនៅថ្ងៃនេះ ខ្ញុំគិតថាកម្ពុជាអាចឡើងទៅវគ្គបន្ត។

-នៅតង់ទី១ យើងបានរបូតគ្រាប់បាល់ចំនួន៦គ្រាប់ ដោយសារកម្ពុជាលេងបានយ៉ាងល្អនៅក្នុងដីថែមទាងមានអ្នកគាំទ្រដ៏អស្ចារ្យ។

-វាជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្តែយើងមានមោទនភាព ចំពោះកីឡាកររបស់យើង​ដែលព្យាយាមយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ។

គួរបញ្ជាក់ថា លទ្ធផល​នេះ​ ​ធ្វើ​ឱ្យ​កម្ពុជា​ ​ឡើងឈរ​លេខ២​ ​បណ្ដោះអាសន្ន​ ​ក្នុង​ពូល​ ​G​ ​ដោយមាន​ ​៣​ ​ពិន្ទុ​ ​ស្មើ​ថៃ​ ​ម៉ាឡេស៊ី​ ​និង​ ​ប្រ៊ុយណេ​។​ ​ឯ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​មាន​ ​០​ ​ពិន្ទុ​។​ ​យ៉ាងណាក៏ដោយ​ ​ម៉ាឡេស៊ី​ ​និង​ ​ថៃ​ ​នៅសល់​ ​១ប្រកួត​ក្នុង​ដៃ​ ​ខណៈ​ ​កម្ពុជា​ ​ប្រ៊ុយណេ​ ​និង​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​លេង​បាន​ ​២ប្រកួត​៕​

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា