ប្រព័ន្ធផ្សព្វផ្សាយ​​ធំ​មួយរបស់​​​កូរ៉េ​​ខាងត្បូង ​​បិទ​កន្លែង​បញ្ចេញ​មតិ ពាក់ព័ន្ធ​​​ការស្លាប់​​​របស់ Sulli
កម្សាន្ត
276

​ប្រតិបត្តិករគេហទំព័រល្បីមួយនៅកូរ៉េខាងត្បូង «Daum» បានឲ្យដឹងថា នឹងបិទកន្លែងបញ្ចេញមតិក្នុងផ្នែកនៃអត្ថបទព័ត៌មានកម្សាន្តរបស់ខ្លួន បន្ទាប់ពីការស្លាប់របស់តារា K-POP ស្រី Sulli ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា Sulli សមាជិកក្រុមនារី F(x) ដែលត្រូវបានទទួលរងនូវមតិអាក្រក់ពីមហាជនតាមបណ្តាញសង្គមនោះ បានទទួលមរណភាពនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងវ័យ២៥ឆ្នាំ។ ការស្លាប់របស់នាង ត្រូវបានប៉ូលិស និយាយថាដោយសារតែជំងឺបាក់ទឹកចិត្ត (Depression). ការស្លាប់របស់តារាកូរ៉េស្រីរូបនេះ ធ្វើឲ្យមនុស្សជាច្រើនសោកស្តាយ ព្រមទាំងអំពាវនាវឲ្យមានច្បាប់ ប្រឆាំងនិងការបញ្ចេញមតិ​អាក្រក់ៗលើបណ្តាញសង្គម ព្រោះករណីនេះបានកើតឡើង​លើតារាជាច្រើនរូបនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការមួយ ដែលដកស្រង់ចេញពី Kakao Corp បានលើកឡើងថា «មនុស្សជាច្រើនបានយល់ស្របថា កម្រិតនៃការបញ្ចេញមតិមិនល្អ ក្រោមផ្នែកនៃអត្ថបទព័ត៌មានកម្សាន្ត គឺដល់ចំណុចមួយដែល ប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់សិល្បៈហើយ»។

គួរជម្រាបថា ការសម្រេចថានឹងលុបចោលកន្លែងបញ្ចេញមិត ក្រោមអត្ថបទព័ត៌មាននាងអនុវត្តន៍នៅក្នុងខែនេះ ហើយវាជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ KaKao ជាយូរមកហើយ ក្នុងការលុបបំបាត់ការបញ្ចេញមតិមិនល្អលើបណ្តាញសង្គម៕

ប្រភព៖ Reuters