​G-Dragon បញ្ចប់ភារកិច្ចក្នុងជួរកងទ័ព ​ខណៈ​​អ្នកគាំទ្ររាប់ពាន់នាក់ចាំទទួល
កម្សាន្ត
695

នៅព្រឹកថ្ងៃទី ២៦ ខែតុលា សមាជិក​ក្រុម Big​Bang លោក G-Dragon បានដើរចេញពីមុខអ្នកគាំទ្រជាច្រើននាក់ ហើយអ្នកសារព័ត៌មានជាច្រើនបានប្រមូលផ្តុំគ្នានៅឯកន្លែងនៃការចាកចេញជាផ្លូវការរបស់គេ ក្រោយពីបាត់មុខមាត់ ពីសិល្បៈ K-Pop ទៅបំពេញតួនាទីបម្រើជួរកងទ័ព រយៈពេល២ឆ្នាំមកនេះ។​

​ជាមួយគ្នានេះដែរ តារាកូរ៉េប្រុសរូបនេះ នៅតែមានភាពស្រស់សង្ហា ក្នុងឈុតជាទាហ៊ាន អមដោយទឹកមុខស្រស់ស្រាយ សម្រាប់អ្នកគាំទ្រទាំងអស់ដែលមានវត្តមាននៅទីនោះទៀតផង។

គួរបញ្ជាក់ថា G-Dragon ជាកំពូលតារាចម្រៀងរ៉េប ប្រចាំប្រទេសកូរ៉េ ដូច្នេះហើយមិនមែនជារឿងចម្លែកដែលគ្រាន់តែ ចេញពីជួរទាហ៊ានភ្លាម ធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់ និងអ្នកកាសែតជាច្រើនទៅទទួលស្វាគមន៍បែបនេះ។

លោក G-Dragon បាននិយាយយ៉ាងខ្លីថា៖ «ខ្ញុំបានត្រឡប់មកវិញ បន្ទាប់ពីបានបំពេញកាតព្វកិច្ច​យោធារបស់ខ្ញុំដោយជោគជ័យ ហើយខ្ញុំចង់អរគុណអ្នកទាំងអស់គ្នា ដែលបានរង់ចាំខ្ញុំ ហើយខ្ញុំក៏សូមអរគុណអ្នកសម្រាប់ការមកនៅថ្ងៃនេះ។ ឥឡូវខ្ញុំលែងជាទាហានទៀតហើយ ខ្ញុំនឹងវិលត្រឡប់មកអាជីពជាតារាចម្រៀងវិញហើយប្រឹងប្រែងអស់ពីសមត្ថភាព»។

សមាជិកគ្រួសាររបស់ G-Dragon ក៏មានវត្តមានដើម្បីអបអរសាទរគាត់ចំពោះសេវាកម្មដែលបានទទួលជោគជ័យរបស់គាត់ហើយអ្នកគាំទ្ររីករាយក្នុងការនិយាយជំរាបសួរ។ អ្នកគាំទ្រជិត ៣០០០ នាក់បានរង់ចាំតាំងពីព្រឹកព្រលឹមដើម្បីបានឃើញការវិលត្រឡប់របស់ G-Dragon ហើយលើសពីនេះទៅទៀតមាន hashtag ដូចជា #ONE_OF_A_KIND_GD និង #KwonJiYong_Free_LiketheWind ត្រូវបានគេមើលឃើញថាកំពុងមាននិន្នាការលេខ ១ និងលេខ ២ នៅទូទាំងពិភពលោកខណៈអ្នកគាំទ្រក៏បានបង្ហាញពីអារម្មណ៍រំភើបពីផ្ទះផងដែរ៕

ប្រភព៖ Allkpop