រថយន្តឡិចស៊ីសបត់ឆ្វេង ត្រូវម៉ូតូបុកពេញទំហឹង របួសធ្ងន់ម្នាក់លើផ្លូវជាតិលេខ៤
ព័ត៌មាន
797

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក LEXUS RX300 បានបត់ឆ្វេង ហើយត្រូវបានម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ ក្នុងទិសដៅផ្ទុយគ្នាមកបុកចំចំហៀងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតរថយន្តនិងម៉ូតូយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ក្នុងភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-8214 បើកបរចូលទៅក្រុងព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ត្រូវបានម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ឡុង យេ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុករថយន្តនោះពីចំហៀង បណ្ដាលឲ្យឈ្មោះ ឡុង យេ អ្នកបើកបរម៉ូតូ របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅគ្លីនិកវាលរេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕