បុរសម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់រងរបួស នៅស្រុកមុខកំពូល
ព័ត៌មាន
430

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់រងរបួស នៅលើផ្លូវលេខ ២៦១ ស្ថិតភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៤ និង ១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។

ជនបង្កឈ្មោះ សាន្ត វណ្ណឌី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរជាងពិដាន រស់នៅផ្ទះលេខ ១៣៧ច ផ្លូវលំ ភូមិដើមគរ សង្គាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប្រាក់ ប្រាជ្ញ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាស់ស្ដា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-4678 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងស្ថាភាពងងុយដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះជនរងគ្រោះដែលអង្គុយលេងក្បែម៉ូតូខ្លួន រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនជនបង្កនិងវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕