រថយន្តដឹកប្រេង បុករថភ្លើងពេញទំហឹងខ្ទាតថយក្រោយទៅប៉ះរថយន្ត២គ្រឿងទៀត គាបមនុស្ស២នាក់ជាប់ក្នុងរថយន្ត
ព័ត៌មាន
412

ភ្នំពេញ៖ គ្រោះថ្នាក់ចរារណ៍បានកើតឡើង ខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកប្រេងមួយគ្រឿង បានបើកបុករថភ្លើង ដែលកំពុងឆ្លងកាត់ បណ្ដាលឲ្យបុរស២នាក់គាបជាប់ក្នុងរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទី យប់ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហានណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកប្រេងមួយគ្រឿង បើកបរដោយបុរស២នាក់ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុករថភ្លើងដែលកំពុងឆ្លងកាត់ពេញទំហឹង បណ្តាលឲ្យខ្ទាតថយក្រោយ ទៅប៉ះរថយន្ត២គ្រឿងទៀត ដែលគេចតចោលនៅខាងក្នុងឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរស២នាក់ គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកចេញពីក្នុងរថយន្តបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕