ទីបំផុត ជនជាតិចិនម្នាក់ ក្នុងចំណោម៤នាក់ ដែលព្រួតវាយខ្មែរកក្រើកពេញប្រទេសតាមបណ្តោយផ្លូវកម្ពុជាក្រោម ចាប់បានហើយ!
ព័ត៌មាន
3.58K

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាជនជាតិចិនម្នាក់ ក្នុងចំណោម៤នាក់ ដែលព្រួតគ្នាវាយមកលើបុរសជនជាតិខ្មែរ ដែលមានគ្នាតែម្នាក់​ឯង បណ្ដាលឲ្យរបួសជាច្រើនកន្លែង ផ្តើមចេញពីទំនាស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួច បែរជាដេញវាយគ្នាដូចក្នុងរឿងចិនហូលីវ៉ូតមិនញញើតច្បាប់ កក្រើកពេញប្រទេស ពេលនេះត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានហើយនៅចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម មុខផ្ទះ៦២៤ ផ្លូវ លេខ១២៨ ក្រុមទី១៥ ភូមិ៦ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (គ្មានលិខិតឆ្លងដែន) មុខរបរ អាជីរវករ ស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ ១០Mថ្មីបូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែក ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រងរបួសស្នាមលើដើមទ្រូងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , , ក្បាលជាទម្ងន់ជាំហើម និង ជាំត្រចៀកទាំងសងខាង (ដោយសារជនសង្ស័យខាងលើ និងបក្ខពួកវាយដោយដៃ បណ្ដាលឲ្យរបួសក្នុងពេលកើតហេតុ) ។

ក្នុងនោះតាមការពិនិត្យទីកន្លែងកើតហេតុឃើញរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ALON ជាបក្ខពួកឈ្មោះ TSAI JIDA ហៅ ADA រត់ចោលនៅកន្លែងកើតហេតុ ពេលវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។

ក្នុងនោះ ដំណើររឿងមុនពេលកើតហេតុ ជនរងគ្រោះនិងឈ្មោះ អាន ភេទប្រុស អាយុប្រហែល២៤ឆ្នាំ បានបើករថយន្តម៉ាក ឆែរ៉ូឡែត ពណ៌ខ្មៅ ស៊េរី ២០១៨ ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណងទៅរកញាំអាហារនៅខាងក្រៅ តែមិនបានញាំទេ ជនរងគ្រោះនិងឈ្មោះ អាន ក៏បានជិះរថយន្តដើរលេងតាមផ្លូវ លុះជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងបក្ខពួកមានគ្នា០៣នាក់ទៀត ទី១,ឈ្មោះ LE CHEN LANG ហៅ លីកឺ ភេទប្រុស អាយុ ប្រហែល៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ , ទី៣,ឈ្មោះ អ៊ូកឺ ភេទប្រុស ប្រហែល៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ ALON ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបើករថយន្តចំនួន០១គ្រឿងម៉ាក Ford Ranger ពណ៌ស មិនចាំស្លាកលេខ និងម៉ូតូ០២គ្រឿងម៉ាក Honda Zoomer X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-0713 និងម៉ូតូ០១គ្រឿងទៀត ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-1073 តាមផ្លូវ១២៨ ពីលិចទៅកើត ពេលនោះជនរងគ្រោះក៏បានបើករថយន្តវ៉ាទៅមុនក្រុមជនសង្ស័យជាជនជាតិចិនខាងលើ រួចហើយជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្ខពួកក៏បានចុចស៊ីផ្លេររថយន្តជាច្រើនដងខ្លាំងៗ រួចហៅជនរងគ្រោះឲ្យឈប់ ពេលនោះជនរងគ្រោះក៏បានឈប់រថយន្តរួចហៅជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្ខពួក០៣នាក់ ថាមានរឿងអីបានហៅអញ់ឲ្យឈប់ ពេលនោះជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និង បក្ខពួកក៏បានឈប់រថយន្តនិងម៉ូតូ រួចនិយាយជាភាសាចិនខ្លាំងៗ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ ក៏បានចុះពីលើរថយន្ត និងម៉ូតូ រួចដើរសំដៅមករកជនរងគ្រោះរួចវាយលើជនរងគ្រោះបណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង ក្នុងពេលនោះជនរងគ្រោះ ក៏បានវាយតបតទៅលើក្រុមជនសង្ស័យវិញ ដើម្បីការពារខ្លួនទៅវិញ។

ក្រោយមកក៏មានអ្នកជិតខាងជួយឃាត់បំបែកគ្នា លុះមួយសន្ទុះក្រោយមក ក៏មានការប្រតាយប្រតប់គ្នាជាលើកទី២ ដោយដេញវាយគ្នាពេញផ្លូវ១២៨ ដោយក្រុមជនសង្ស័យទាំង០៤នាក់បានប្រើដៃវាយមកលើជនរងគ្រោះ និងលោតធាក់ដើមទ្រូង០១កន្លែងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , ត្រចៀកទាំងសងខាង , ក្បាលជាទម្ងន់ជាំហើមជាំ និងត្រជៀកទាំងសងខាង ។

ក្នុងពេលវាយតាយប្រតប់គ្នាក្រុមជនសង្ស័យឈ្មោះ ALON បានរត់ចោល ម៉ូតូ០១គ្រឿង ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 នៅលើផ្លូវលេខ១២៨ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើក៏បានគេចរត់ខ្លួនបាត់ទៅ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង ក្រោយពេលកើតហេតុសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាប់យកម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 ដែលក្រុមជនសង្ស័យជនជាតិចិនបានរត់ចោល និងបានធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លុះរហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង០៥នាទីយប់ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង ដែលមានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។

ចំណែកបក្ខពួក០៣នាក់ទៀតឈ្មោះ LE CHEN LANG ហៅ លីកឺ, ឈ្មោះ អ៊ូកឺ និងឈ្មោះ ALON បានគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕