បក្ខពួកចោរម្នាក់ ត្រូវសមត្ថកិច្ចក្របួច.កបាន ក្រោយផ្លោះរបងចូលក្នុងផ្ទះគេ បម្រុងលួចទ្រព្យសម្បត្តិ
ព័ត៌មាន
333

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានជនរងគ្រោះ២នាក់ប្តីប្រពន្ធ រាយការណ៍ជូនសមត្ថកិច្ចឲ្យចាប់ខ្លួន ខណៈដែលជនសង្ស័យទាំងនេះបានផ្លោះរបងចូលក្នុងផ្ទះគេ ឈរកាន់ដំបង បម្រុងលួចទ្រព្យសម្បត្តិ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្ទះវីឡា ស្តុបទំនិញមួយកន្លែង តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ផ្ទះនេះជាកន្លែងសម្រាប់ទុកសម្ភារ:របស់ក្រុមហ៊ុន ដែលមានគាត់និងប្តី និងប្តីប្រពន្ធមួយគូទៀតជាបុគ្គលិក និងជាអ្នកស្នាក់នៅមើលការខុសត្រូវ នៅពេលយប់ ។ ក្នុងនោះមុនពេលកើតហេតុ គាត់បានចាក់សោទុកចោល នាំគ្នាចេញទៅលេងបាល់ ជាមួយមិត្តភក្តិ លុះត្រឡប់មកវិញបម្រុងចូលទៅក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងឈរកាន់ដំបងនៅខាងក្នុងផ្ទះទើបរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនបានម្នាក់ ។ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕