រថយន្តហាយឡែនឌ័រ បុករះម៉ូតូចំនួន៣គ្រឿង ចូលតូបលក់បបរ របួសធ្ងន់៣នាក់
ព័ត៌មាន
348


ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង រេចង្កូតមកស្តាំដៃ បុករះម៉ូតូចំនួន៣គ្រឿងដែលកំពុងចតស្ងៀម បន្តបុកចូលកន្លែងលក់បបរ ខ្ទាតចានឆ្នាំងរាយប៉ាយ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AT-6127 បើកបរដោយស្ត្រីម្នាក់ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានរេចង្កូតមកស្ដាំដៃ ជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿងចតស្ងៀម បណ្តាលឲ្យបុរស២នាក់រងបួសធ្ងន់ រួចរថយន្តបង្ក បន្តទៅបុកកន្លែងលក់បបរ ប៉ើងរាយប៉ាយពេញផ្លូវ បណ្តាលឲ្យនារីម្នាក់ទៀត របួសជើងទាំងសងខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕