ខ្សែការពារក្រុមគោព្រៃកម្ពុជា សារ៉េត គ្រីយ៉ា​៖ ទោសបុកមនុស្សស្លាប់​១៨ខែ គ្មានសងសំណងសូម្បី១០០រៀល លោកតុលាការ​!!! តើយត្តិធម៌នៅឯណា សម្រា​ប់ប្អូនប្រុសរបស់ខ្ញុំ

​ខ្សែការពារដ៏ឆ្នើមរបស់ក្រុមគោព្រៃកម្ពុជា និង ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករ សារ៉េត គ្រីយ៉ា សម្តែងការមិនពេញចិត្តនឹងការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឱ្យម្ចាស់រថយន្តដែលជាជនបង្កគ្រោះថ្នាក់បណ្តាលឱ្យប្អូនប្រុសបង្កើតរបស់ខ្លួនបាត់បង់ជីវិត នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ឱ្យជាប់ពន្ធនាគារ១៨ខែ ដោយគ្មានសងសំណងសូម្បីមួយរៀល ។

ក្នុងនោះលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសបុក​ថា​៖ «ទោសបុកមនុស្សស្លាប់​១៨ខែ គ្មានសងសំណង សូម្បី១០០រៀល លោកតុលាការ​!!! តើយត្តិធម៌នៅឯណា សម្រា​ប់ប្អូនប្រុសរបស់ខ្ញុំ​ សូម្បីពាក្យលាមួយមាត់ក៏មិនបានលា​!»។

គួរជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩​ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការកាត់ក្តីលើជនបង្កគ្រោះថ្នាក់លើប្អូនប្រុសរបស់លោក​ ដោយនៅក្នុងសវនាការនោះ ភាគីលោកបានទាមទារសំណងចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីជនបង្ក​។ ប៉ុន្តែក្រោយពីបញ្ចប់ការកាត់ក្តីចៅក្រមបានសម្រេចកាត់ទោសជនបង្កឱ្យជាប់ពន្ធនាគារចំនួន១៨ខែ ដោយគ្មានប្រកាសអំពីសំណងរបស់ក្រុមគ្រួសារជនរងគ្រោះឡើយ​។

លើសពីនេះទៅទៀត សារ៉េត ក្រីយ៉ា បានបន្តថា លោកមិនពេញចិត្តនឹងការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ​។ លោកនឹងឱ្យមេធាវីរបស់លោកប្តឹងឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ជូនប្អូនប្រុសរបស់​លោក។

គួររម្លឹកផងដែរថា​ កាលពីវេលាម៉ោង​​១រសៀល ថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូខ្សាច់ (ជិតដីតារ៉េត) លើកំណាត់មហាវិថី​សម្ដេចតេជោ​ហ៊ុន​សែន​(ផ្លូវ​៦០ម៉ែត្រ​) ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យុវជនឈ្មោះ អ៊ែល សុខជា អាយុ១៩ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិព្រែកតាពៅ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ​បានជិះម៉ូតូ Scoopy ត្រឡប់មកពីជូនបងប្រុស ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិឈ្មោះ​ សារ៉េត គ្រីយ៉ា ដើម្បីឡើងទៅប្រកួតបាល់នៅខេត្តស្វាយរៀង ដោយជូនទៅឡើងឡាន នៅតារាងបាល់ទាត់K11 ផ្លូវ២៧១។ លុះត្រឡប់មកវិញ​ក៏ជួបគ្រោះថ្នាក់ជាមួយនឹងរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-3741 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងជើង បុកគ្នាចំពីមុខពេញទំហឹង ខ្ទាតផ្លោងយុវជនអ្នកបើកបរម៉ូតូ បោកផ្ទប់ជាប់កញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ ហើយស្លាប់​ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​​៕