ករណីរំលោភបូកលើស្ត្រីជនជាតិបារាំងនៅក្រុងកំពត ពេលនេះចាប់បានម្នាក់ហើយ
ព័ត៌មាន
5.23K

កំពត៖ ក្រោយមានករណីស្ត្រីជនជាតិបារាំងម្នាក់ ត្រូវបានគេដឹកតាមរថយន្តយកទៅរំលោភ​បូក ហើយដឹកយកមកទម្លាក់ចោល ពេលនេះ​សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ហើយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈបក្ខពួក២នាក់ទៀត គេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មុខរបរបើកឡានឈ្នួល ស្នាក់នៅភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះតាមចម្លើយសារភាព នៅមានជនដៃដល់២នាក់ទៀត ដែលបានធ្វើសកម្មភាពនេះ ហើយកំពុងរត់គេចខ្លួន ដែលកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច អធិការដ្ឋាននគរបាលក្រុងកំពត បានទទួល បណ្តឹងពីស្ត្រីបរទេសឈ្មោះ PELATAN PATRICIA SANDRINE ជនជាតិបារាំង អាយុ ៤៣ ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ 15CT20182 ស្នាក់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ថាកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណៈពេលគាត់កំពុងដើរម្នាក់ឯងចេញពីហាងផឹកស៊ី Golden Time ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ដើម្បីទៅផ្ទះ។ ពេលដើរមកដល់ផ្លូវម៉ាកេង ដែលស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ស្រាប់តែមានមនុស្សប្រុស៣ នាក់ (មិនស្គាល់សាវតា) ជិះរថយន្តកាមរី ពណ៌ស តាមពីក្រោយរួចបានហៅគាត់ឡើងជិះរថយន្ត ថាជូនទៅផ្ទះ ប៉ុន្តែជននោះ បែរជានាំគាត់ពីខេត្តកំពត ទៅខេត្តកែប រួចរំលោភសេពសន្ថវៈចំនួន ០២ នាក់ លុះដល់ម៉ោង៥ និង៤០ នាទី ទើបបានដឹកគាត់មកទម្លាក់នៅរង្វង់មូលផ្លែទុរេនវិញ៕