មនុស្ស៣នាក់ដេកដួលក្នុងថ្លុកឈាម ក្រោយជិះម៉ូតូវ៉ាជែងចូលមុខរថយន្ត FRONTIER ចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង
ព័ត៌មាន
623

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ខណៈដែលជិះម៉ូតូវ៉ាជែង ពីមុខរថយន្ត ត្រូវបានរថយន្តFRONTIER ចាប់ហ្វ្រាំងមិនទាន់ បុកចំពីមុខពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខវត្តស្លែងលើ ផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ រួមមាន៖ ទី១ឈ្មោះ ទូ វៃ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឆ្កែត្រែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) , ទី២ឈ្មោះ មាន ថន ភេទ ស្រី អាយុ ៥៥ មុខរបរនៅផ្ទះ (របួសធ្ងន់) ទី៣ឈ្មោះ តឿង ផល ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (រងរបួសធ្ងន់) ទាំង៣នាក់ ស្នាក់នៅភូមិឆ្កែត្រែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2U-6134 បើកបរដោយឈ្មោះ សំ ឡើង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទុង ខេត្តកំពត និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-9912 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ក្នុងនោះរថយន្តបើកពីជើងទៅត្បូង និងម៉ូតូបើកពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានឡើងវ៉ា ចូលចំណែកផ្លូវរថយន្ត ទើបរថយន្តជាន់ហ្វ្រាំងមិនទាន់ បានបុកម៉ូតូចំពីមុខពេញមួយទំហឹង បណ្តាលឲ្យបោកដួលតែម្តង រងរបួសធ្ងន់៣នាក់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រផយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕