បុរសម្នាក់របួសធ្ងន់ ក្រោយជិះម៉ូតូវ៉ាជែង ទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង
ព័ត៌មាន
533

តាកែវ៖ បុរសម្នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ វ៉ាជែងខ្វះការប្រុងប្រយត្ន័មកបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ ៤៣-៤៤ ភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5569 ជិះដោយបុរសម្នាក់ឈ្មោះ ជួន សួង ភេទប្រុស​អាយុ២៥ឆ្នាំ ស្នាក់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទិសដៅពីជើងទៅត្បូង វ៉ាជែងខ្វះការប្រុងប្រយត្ន័ មកបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2406 ដែលកំពុងបើកបរពីត្បូងជើងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបរថយន្តចុះគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕