ខឹងក្មេងស្ទាវជិះម៉ូតូស្រែកឡូឡានៅមុខផ្ទះ ឃើញត្រឡប់មកវិញ ទាញដាវកាប់ប្រហារ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ព័ត៌មាន
827

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវកាប់ទៅលើយុវជនម្នាក់ទៀត បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ដកហូតបានដាវមួយដើម។

ចំណែកជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបររថយន្ត ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូឌុបមិត្តភក្កិ០២នាក់ឈ្មោះ សាន ភេទ ប្រុស និង ឈ្មោះ សុខ លី ភេទប្រុស ចេញពីសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ត្រឡប់ទៅផ្ទះនៅភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះ តែម ស្រស់ ជនរងគ្រោះបានស្រែកឡូឡា ហើយក៏បើកហួសម៉ូតូទៅផ្ទះរបស់មិត្តភក្កិឈ្មោះ សាន និង ឈ្មោះ សុខ លី (ដែលនៅក្បែរផ្ទះជនសង្ស័យ) បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងត្រឡប់មកវិញស្រាប់តែជនសង្ស័យឈ្មោះ តែម ស្រស់ បានយកដាវកែច្នៃចំនួន១ដើមកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសចំកចំហៀងខាងឆ្វេង ហើយអ្នកជិតខាងបានចូលទៅជួយឃាត់ ក្នុងពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ក៏នាំខ្លួនជនសង្ស័យឈ្មោះ តែម ស្រស់ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់បន្តទៀត៕