លួចម៉ូតូគេបានសម្រេច បាន៧ថ្ងៃក្រោយ វិលមកជាប់ខ្នោះដដែល
ព័ត៌មាន
196

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបាន នគរបាលប៉ុស្តិ៍ចាក់អង្រែលើ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់បុរសម្នាក់បាន សម្រេច គេចខ្លួនបាន៧ថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ១១២៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាន នៅវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ រួមមាន៖

១-ជនសង្ស័យឈ្មោះ វីន ត្រេន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ រើសអេតចាយ (មានផ្ទុកសារធាតុញៀន) ។

២-ជនសង្ស័យឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ដកហូតបាន វត្ថុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-0257(ជារបស់ជនរងគ្រោះ ឈ្មោះ អ៊ុន សំរដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅផ្ទះលេខ១៥៧ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-0257 ទៅរកប្អូននៅចំណុចផ្ទះលេខ ១១២៥ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខផ្ទះ រួចចូលទៅខាងក្នុងផ្ទះដោយពុំបានដកកូនសោចេញពីម៉ូតូ ហើយនៅពេលចេញពីក្នុងផ្ទះមករកម៉ូតូស្រាប់ តែបាត់មិនឃើញ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវរក ។

លុះមកដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១០យប់ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ១ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ ស្រាប់តែឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-0257 (គ្មានកុងទ័រ,គ្មានគំរបជ័រសងខាង) មានការសង្ស័យក៏ឃាត់ត្រួតពិនិត្យធ្វើការសាកសួរ ទើបជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ៖ ចំពោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-0257 គឺពួកគេទាំង០២នាក់ និង បក្ខពួកម្នាក់ទៀតឈ្មោះ សល់ ភេទ ប្រុស បានលួចយកកាលពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រគល់ខ្លួនជនសង្ស័យទាំង០២នាក់(ឈ្មោះខាងលើ) និង វត្ថុតាង ៖ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 (ជាម៉ូតូរបស់ជនរងគ្រោះដែលបាត់) ឲ្យមកនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្សពួកជនសង្ស័យឈ្មោះ សល់ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធីច្បាប់បន្តទៀត៕