២នាក់ប្តីប្រពន្ធត្រូវគេវាយពកក្បាល ក្រោយជិះម៉ូតូឌុបកូនចេញពីកម្មវិធីខួបកំណើត (មានវីដេអូ)
ព័ត៌មាន
567

ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធ បានរងរបួសពកក្បាល ខណៈដែលជិះម៉ូតូឌុបកូនតូច ចេញពីកម្មវិធីខួបកំណើតបងប្អូន ត្រូវបានបក្ខពួកម្ខាងទៀត ជិះម៉ូតូមកវ៉ាជែង រហូតទាស់ពាក្យសម្តី បញ្ចេញក្បាច់គុនដាក់គ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធមួយគូ រួមជាមួយកូនតូចម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-3555 ចេញ មកពីកម្មវិធីខួបកំណើតបងប្អូន នៅខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី បំណងជិះត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ពីស្តុបណូគា ឆ្ពោះទៅស្ពានអាកាស៧មករា លុះមកដល់ចំណុចកែងនឹងផ្លូវ១៨២ ក៏ស្រាប់តែមានបុរសម្នាក់ ដែលជនបង្ក បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-2420 និងបក្ខពួក២នាក់ទៀត ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក មកពីក្រោយបានវាជែងម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះស្រែកថា «បងឯងជិះខ្វាក់ចឹងអត់មើលខ្ញុំដឹកកូនតូច អត់ខ្លាច មានគ្រោះថ្នាក់ដល់ពួកខ្ញុំទេអី» លុះជិះបានបន្តិច ស្រាប់ក្រុមទាំងនោះ ជិះម៉ូតូទៅស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ រួចស្រែកថា «ស្អីហា» ឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃរហូតបញ្ចេញក្បាច់គុន បណ្តាលឲ្យភាគីជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រងរបួសពកក្បាលតែម្តង រួចព្យាយាមឡើងជិះម៉ូតូបម្រុងគេចខ្លួន តែក៏ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់ទាន់។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំភាគីទាំង២ទៅធ្វើការសាកសួរ និងដោះស្រាយគ្នាតាមច្បាប់ផងដែរ៕