ធំក្លិនស្អុយខំដើររកស្មានថាកណ្តុរងាប់ លុះរុញទ្វារចូលឃើញស្លាប់មិនដឹងតាំងពីពេលណា ...
ព័ត៌មាន
6.39K

ភ្នំពេញ​ ៖​ បុរសម្នាក់​ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន​ ដោយមិនដឹងមូលហេតុ​ ហើយក៏គ្មាននរណាម្នាក់បានដឹង លុះរំលងបានប៉ុន្មានថ្ងៃក្រោយមក​ ក៏មានក្លិនស្អុយចេញពីកន្លែងស្នាក់នៅ ទើបផ្អើលដល់ប្រជាពលរដ្ឋចូលទៅមើល ក៏ប្រទះឃើញស្លាប់នៅក្នុងបន្ទប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ​ ចំណុចផ្ទះលេខ១៦១​ ផ្លូវលេខ២១៥​ សង្កាត់ផ្សារដេប៉ូទី១​ ​ខណ្ឌទួលគោក​ រាជធានីភ្នំពេ​ញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពែន​ សុភារិទ្ធ ភេទប្រុស​ អាយុ ២៣ឆ្នាំ​ មុខរបរជាងរៀបចាំផ្កា មានស្រុកកំណើតនៅ​ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តបាត់ដំបង ។

តាមសម្តីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា​ មុនកើតហេតុ​ គាត់ទើបមកពីក្រៅ​ នៅវេលាម៉ោង២២យប់​ ខណ:មកដល់ផ្ទះ ក៏មានក្លិនស្អុយចេញពីផ្ទះដែលគាត់ជួលអោយគេ​។ ភ្លាមនោះ​ គាត់​ ស្មានតែមានកណ្ដុរងាប់​ ក៏ដើររកមើលពេញផ្ទះ​ រហូតដើរទៅដល់បន្ទប់ក្រោយ​ លុះរុញទ្វារចូល​ ក៏ប្រទះឃើញ​ បុរសរងគ្រោះ​ ចង.កសម្លាប់ខ្លួនទៅហើយ។

ប្រភពដដែលបន្តថា​ បុរសរងគ្រោះទើបតែចូលមកស្នាក់នៅបានប្រហែល​ ៣ទៅ៤ថ្ងៃប៉ុណ្ណោះ ហើយ​ឧស្សាហ៍ឃើញជនរងគ្រោះយំ​ ពេលដែលគាត់សួរ​ ជនរងគ្រោះថាមិនអីនោះទេ​ និងបានផ្ដែផ្ដាំរូបគាត់ថា​ ស្អែកនឹងទៅបាត់ដំបងហើយ​ បើមានកម្មពីធីការអី​ ហៅផង​ បានប្រមាណជា​ ២ថ្ងៃ​ ដល់ថ្ងៃកើតហេតុ​ ក៏ប្រទះឃើញ​ ជនរងគ្រោះ​ ចងកស្លាប់បាត់ទៅហើយ រួចក៏ទាក់ទងទៅខាងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗនៅចំណុចកើតហេតុតែម្តង​ ៕