បុរសម្នាក់ ទោះពាក់មួកសុវត្ថិភាពក៏បែកខ្ទេច បោកផ្ទប់នឹងគូទរថយន្ត ស្លាប់លើដងផ្លូវយ៉ាងរន្ធត់
ព័ត៌មាន
423

ភ្នំពេញ​៖​​ បុរសម្នាក់​ បានស្លាប់​យ៉ាងអាណោចអាធ័ម​ ក្រោយជិះម៉ូតូ​លឿន ជ្រុលទៅបុករថយន្ត​ដឹកស៊ីម៉ង់ត៍​ ដែលចតចោលលើផ្លូវ​ចំពីក្រោយ​ពេញទំហឹង​ បណ្តាលអោយបែកមួកការពារ​សុវត្ថិភាព បោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​កើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​ តុលា​ ឆ្នាំ​២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនកើតហេតុ​គេបានឃើញ​ បុរសរងគ្រោះ​ ជិះម៉ូតូម៉ាក ​BEAT ១គ្រឿង​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខ កណ្ដាល 1AB-3870 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត​ដោយល្បឿនយ៉ាងលឿន​ លុះដល់ចំណុចកើតហេតុ​ ក៏ជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍​ ១គ្រឿង​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-2568 ចំពីក្រោយ​ ដែលចតចោលនៅលើផ្លូវ​​ បណ្ដាលអោយជនរងគ្រោះបោកក្បាលនឹងគូទរថយន្តយ៉ាងពេញទំហឹង​ បែកមួកសុវត្ថិភាព​ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ​ យ៉ាងអាណោចអាធ័ម​ រួមទាំងម៉ូតូ រងការខូចខាតយ៉ាងដំណំ​។

ក្រោយពេលកើតហេតុ​ សពជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅតម្កល់នៅវត្ត​ ដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ​ វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕