ឲ្យតែម្លឹងៗចប់ហើយបងប្អូន!!!បង្គាចំនួន ៣៥ គីឡូក្រាម មានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ នៅក្នុងផ្សារលើ ខេត្តព្រះសីហនុ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលធ្វើការដកហូតដុតកម្ទេចចោល
ព័ត៌មាន
646

ព្រះសីហនុ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ តូបលក់គ្រឿងសមុទ្រស្រស់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងនោះដែរ មន្ត្រីជំនាញបានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយនៅ ចំនួន ៣៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ជាមួយគ្នានោះដែរ មន្រ្តីសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕