មន្ត្រីជំនាញ ចុះពិនិត្យ« ស្ពៃ មី និងទឹកស៊ុប » ក្រោយមានមនុស្ស២៥នាក់ ពុលនៅក្នុងខារ៉ាអូខេ ហ្វាងថាងលាំងហ្វាន់ស័រ
ព័ត៌មាន
706

ខេត្តស្វាយរៀង៖ ក្រោយមានករណីមនុស្សចំនួន២៥នាក់ កើតមានអាការៈពុលចំណីអាហារ នៅក្នុងខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀង រួចមក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច​ អាជ្ញាធរដែនដី​ និងតំណាងម្ចាស់ហាង បានធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវរកមូលហេតុនេះហើយ។

ក្នុងនោះ មន្ត្រីជំនាញបានសួរព័ត៌មានពីជនរងគ្រោះ​ ពិនិត្យកន្លែងចំអិនអាហារ​ និងបានដកយកវត្ថុធាតុដើម និងគ្រឿងផ្សំអាហារចំនួន ៣ មុខ​ផងដែរ។

គ្រឿងផ្សំទាំងនោះ រួមមាន៖ មី ស្ពៃតឿ និងទឹកស៊ុប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានដើម្បីវិភាគ​ រកសារធាតុពុល​ និងបានចុះពិនិត្យទីតាំងចែកចាយគ្រឿងឧបភោគបរិភោគ ដែលផ្គត់ផ្គង់ ឲ្យហាងខារ៉ាអូខេ និងបានដកយកគំរូផលិតផលមួយចំនួន បញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផងដែរ៕