ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន «អង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ» ម្នាក់ ក្រោយបន្លំលុយក្រុមហ៊ុន អស់ជិត២០០លានរៀល
ព័ត៌មាន
1.16K

ក្រុងតាខ្មៅ ៖ ជនសង្ស័យម្នាក់ ត្រូវចាប់ខ្លួន ក្រោយលួចបន្លំលុយក្រុមហ៊ុនអស់ជាច្រើន នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ១៤.០០នាទី នៅចំណុចក្នុងបុរីពិភពថ្មី ផ្លូវទី៦ ផ្ទះលេខ ៥៦ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ ជា សុថន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ផុន ផន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ បុគ្គលិកក្រុមហ៊ុនអង្គការ អភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ ផុន ផន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បានមកចូលបម្រើការងារនៅក្នុង ក្រុមហ៊ុនអង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ដែលមានទីតាំងនៅក្នុងបុរីពិភពថ្មី ផ្លូវទី ៦ ផ្ទះលេខ ៥៦ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខងារជាអ្នកដាក់លុយឲ្យអតិថិជន ដោយមានការបាត់លុយក្រុមហ៊ុនជាច្រើន ក្រោយមកក្រុមហ៊ុន បានត្រួតពិនិត្យ លើបញ្ជីឈ្មោះអតិថិជនដែលឈ្មោះ ផុន ផន បានធ្វើការជាមួយកន្លងមកឃើញខុសប្រក្រតីច្រើនរហូតដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ក្រុមហ៊ុនបានពិនិត្យបន្តទៀតឃើញថាឈ្មោះ ផុន ផន បានបន្លំយកលុយក្រុមហ៊ុនអស់ចំនួន ១៦៧.៩១៨.៩០០រៀល (មួយរយហុកសិបប្រាំពីរលាន កៅសិបមួយម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល) គិតចាប់ពីខែ មករាឆ្នាំ២០១៩ មក ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំឯកសារបន្លំដាក់ឈ្មោះអតិថិជនផ្សេងៗ ដើម្បីដាក់យកលុយពីក្រុមហ៊ុនអង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ពិតប្រាកដមែន ៕