ក្រោយខកខាន​ជួប​គ្នា​៤៧​ឆ្នាំ! កម្ពុជា​ ប៉ះ​អ៊ីរ៉ង់​ ម៉ោង៨៖៣០​នាទី​យប់​នេះ ​ក្នុង​វគ្គ​ជម្រុះWorld Cup

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​តតាំង​ជាមួយ​ក្រុម​ខ្លាំង​អាស៊ី គឺ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​វេលា​ម៉ោង ៨៖៣០​នាទី​យប់​នេះ​(​ម៉ោង​នៅ​កម្ពុជា​) ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នៅ​កាតា​ (FIFA World Cup Qatar 2022) ជុំ​ទី​២-​តំបន់​អាស៊ីពូ​ល C នៅ​កីឡដ្ឋាន Azadi​ នា​ប្រទេស​អ៊ីរ៉ង់។ នេះ​គឺជា​ការប្រកួត​ដំបូង​ ក្រោយ​ក្រុម​ទាំងពីរ​ខកខាន​ជួប​គ្នា​អស់​រយៈពេល ៤៧​ឆ្នាំ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៧២ មក​ទល់​បច្ចុប្បន្ន។

គួររម្លឹកថា ​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧២ កម្ពុជា​ធ្លាប់​បាន​ប៉ះ​អ៊ីរ៉ង់​ ក្នុង​ពាន AFC Asian Cup នៅ​ថៃ ខណៈ​លទ្ធផល​ជួប​គ្នា​ក្នុង​ពូ​ល ​កម្ពុជា​ ចាញ់​អ៊ីរ៉ង់ ២-០ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្ពុជា​ចាញ់​អ៊ីរ៉ង់ ២-១។​

យ៉ាងណាមិញ ចំពោះ​ការប្រកួត​យប់​នេះ​វិញ លោក Felix G.Dalmas ​គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា បាន​ចាត់​ទុក​ជា​ឱកាស​​ដ៏​ល្អ ក្នុង​ការ​សាកល្បង​សមត្ថភាព​កូន​ក្រុម ដើម្បី​បញ្ជាក់​នូវ​ភាព​រីកចម្រើន និង​ការ​ខំប្រឹង​របស់​ពួកគេ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​នៅ​អាស៊ី ដូចជា​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់។ ហេតុនេះលោក​រំពឹង​ថា ការប្រកួត​នេះនឹង​ជំរុញ​ឲ្យ​កម្ពុជា​បោះជំហាន​មួយ​ចំនួន​ទៀត ស្របតាម​ផែនការ​កែ​លម្អរ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។​

ដោយឡែក​លោក Marc Wilmots គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ហាក់​កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ​ជាខ្លាំង ដោយ​ពួកគេ​នឹង​ផ្ដោតលើ​ប្រព័ន្ធ​ប្រយុទ្ធ ដើម្បី​ប្រកួត​តទល់​ជាមួយ​កម្ពុជា។ ការលើកឡើង​បែបនេះដោយសារ​លោក Marc Wilmots ចង់​សម្រេច​មហិច្ឆតា​ឈ្នះ​គ្រប់​ការប្រកួត ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង និង​បន្ដដំណើ​រវែងឆ្ងាយ​របស់ខ្លួនឆ្ពោះទៅ​ជុំ​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។​

គួរ​បញ្ជាក់ថា អ៊ីរ៉ង់ គឺជា​ក្រុម​លំដាប់ World Cup ជុំ​ផ្ដាច់ព្រ័ត្រជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៨ ក្រោយ​បាន​ឡើង​វគ្គ ៣២​ក្រុម​ចុងក្រោយ អ៊ីរ៉ង់ ស្ទើរតែ​បាន​ឡើង​វគ្គ​បន្ដក្រោយ​ឈរ​លេខ​៣ ក្នុង​ពូ​ល និង​មាន ៤​ពិន្ទុចាញ់​ប្រៀប​គូប្រជែង ១​ពិន្ទុ​ប៉ុណ្ណោះ ជាមួយ​លទ្ធផល ៣​ប្រកួត​ឈ្នះ​ម៉ា​រ៉ុ​ក ១-០, ស្មើ​ព័រ​ទុយ​ហ្គា​ល់ ១-១ និង​ចាញ់​អេ​ស្ប៉ា​ញ ១-០។ បច្ចុប្បន្ន​ពួកគេ​កំពុង​ឈរ​លេខ​២៣ លើ​ពិភពលោក ដែល​ខុស​ឆ្ងាយ​ពី​កម្ពុជា​កំពុង​ឈរ​លេខ​១៦៩ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក៕

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា