ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច រួចជិះរត់គេច សយអីម៉ូតូរលត់ ត្រូវជនរងគ្រោះស្រែកផ្អើលឆោឡោចាប់បានស្វាគមន៍ឡើងចាស់ដៃ
ព័ត៌មាន
409

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច រួចជិះរត់ ត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង​ប្រជាពលរដ្ឋនៅក្បែរនោះ បានដេញតាមចាប់ខ្លួនបានភ្លាមៗ នៅចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនមានឈ្មោះទី១. ឈ្មោះ ហេង ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។ និងទី២. ឈ្មោះ គីម លឿង ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ការបូប)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:១០នាទីនៅចំណុច ខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាត់ជ្រាវ ចម្ងាយប្រហែល ១០០ ម៉ែត្រ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ដែលមានឈ្មោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងកុងទ័រ ដែលមានលេខតួលេខនិងលេខម៉ាស៊ីន ៥៤០៤៩០១ បានធ្វើសកម្មភាពឆក់កាបូបប្រាក់ពណ៌ផ្កាឈូក ពីជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាបដោយក្នុងកាបូបមាន

-ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ។

-ទូរស័ព្ទម៉ាក oppo A៧១k ។

-ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ ។

-កងដៃ ផ្លាកទីន ចំនួន ០២កង ។

-ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។

ក្រោយពីជនសង្ស័យទាំងពីរបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី ក្នុងភូមិខាងលើហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ម៉ូតូរបស់ជនសង្ស័យបានរលត់ ហើយត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង​ប្រជាពលរដ្ឋនៅក្បែរនោះ បានចាប់ខ្លួនជនសង្ស័យខាងលើ ហើយនាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវតែម្ដង ក្រោយពីសួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន រីឯជនសង្ស័យឈ្មោះហេង ភារុណ ហៅ យក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី ខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ហើយយើងក៏បានទទួលបណ្តឹងពីជនរងគ្រោះរួចផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕