ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច រួចជិះរត់គេចត្រូវជនរងគ្រោះស្រែកឆោឡោនាំគ្នាដេញតាមចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ចំណែកម្នាក់ទៀតគេចខ្លួនបាត់
ព័ត៌មាន
394

កណ្ដាល៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់បានសម្រេចរួចជិះគេចខ្លួន ត្រូវបានជនរងគ្រោះស្រែកឆោឡោនាំគ្នាដេញតាមចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចផ្លូវជាតិ លេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៤០នាទី។

ជនរងគ្រោះឈ្មោះ ស្រ៊ន សុផន ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១/ឈ្មោះ ម៉ៅ ចាន់ណារ៉េត ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី២/ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងដកហូតបាន៖

-ម៉ូតូម៉ាក yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-8158 ចំនួន ១គ្រឿង(របស់ជនសង្ស័យ) ។

-កាបូបដៃ ពណ៌ក្រហម ចំនួន១(របស់ជនរងគ្រោះ) ។

សម្ភារ:បាត់បង់៖ ប្រាក់ដុល្លារ ៣៧០$ ។

សភាពរឿងហេតុ មុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅផ្សារតាខ្មៅ ពេលមកដល់ចំណុចខាងត្បូង

ស្តុបA9 ចម្ងាយប្រហែល ៥០ម៉ែត្រ ក៏ត្រូវជនសង្ស័យទាំង ២នាក់ខាងលើ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយរបស់ជនរងគ្រោះ ដែលទុកនៅឃ្លុបម៉ូតូខាងមុខ ខណ:ឆក់បានហើយ ជនសង្ស័យក៏ដកលុយក្នុងកាបូបយកទាំងអស់ និងបោះកាបូបនោះចោល រួចនាំគ្នាជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ភ្លាមនោះប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ ម៉ៅ ចាន់ណារ៉េត ហៅ ព្រីង យកមកប្រគល់ជូនសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕